អ្នកចាំទី Ahmet Eyup Turkaslan បានទទួលមរណភាព បន្ទាប់ពីគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសតួកគី។ នេះបើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ Yeni Malatyaspor ។
យ៉ាងហោចណាស់មានមនុស្សជាង ៧២០០ នាក់បានបាត់បង់ជីវិត នៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរី បន្ទាប់ពីគ្រោះរញ្ជួយដី។
ក្លិប Yeni Malatyaspor បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ “អ្នកចាំទីរបស់យើង Ahmet Eyup Turkaslan បានបាត់បង់ជីវិត បន្ទាប់ពីស្ថិតនៅក្រោមគំនរបាក់បែកនៃការរញ្ជួយដី។ សូមលោកទៅកាន់សុគតិភព”។ “យើងនឹងមិនភ្លេចអ្នកទេ”។
សូមជម្រាបថា Turkaslan វ័យ ២៨ ឆ្នាំលេងបាន ៦ ដងឱ្យក្លិប Yeni Malatyaspor របស់តួកគី បន្ទាប់ពីចូលរួមនៅឆ្នាំ២០២១។
អតីតខ្សែបម្រើស្លាប Crystal Palace និង Everton កីឡាករ Yannick Bolasie ដែលបច្ចុប្បន្នលេងឱ្យក្រុមលំដាប់ទី២ តួកគី Caykur Rizespor បាននិយាយនៅលើ Twitter ថា៖ “RIP បងប្រុស Eyup Ahmet Turkaslan ។ ទើបតែឃើញថ្ងៃមុនសោះ ពេលនេះបងទៅចោលពួកយើងហើយ”។
Bolasie បានបន្ថែមថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តរួមក្រុមទាំងអស់របស់គាត់នៅ Yeni Malatyaspor។ សោកស្ដាយចំពោះសោកនាដកម្មនេះ និងសូមពួកយើងទាំងអស់គ្នា បន្តជួយអ្នកដែលត្រូវការជំនួយ”៕