ក្រុមបិសាចក្រហម Manchester United មានកីឡាកររបួសរងរបួសរហូតដល់ ៧នាក់ នៅមុនការប្រកួតនៅពាក់កណ្តាលសប្តាហ៍ សម្រាប់ក្របខណ្ឌ Premier League របស់ពួកគេទល់នឹងក្រុម Leeds United ។
ក្រុមរបស់ Erik ten Hag បានបន្តទម្រង់លេងល្អរបស់ពួកគេ កាលពីថ្ងៃសៅរ៍ជាមួយនឹងការទទួលជ័យជម្នះ ២-១ លើក្រុម Crystal Palace។ ជ័យជម្នះនេះ បានធ្វើឱ្យ Man Utd ឈរនៅលេខ៣ តាមពីក្រោយគូប្រជែង Manchester City ចំនួន ៣ពិន្ទុ។
ក្រុមបិសាចក្រហម អាចមានពិន្ទុស្មើជាមួយក្រុមមេឃខៀវ ប្រសិនបើពួកគេយកឈ្នះ Leeds ដែល បានបណ្តេញអ្នកចាត់ការ Jesse Marsch ពីតំណែង បន្ទាប់ពីចាញ់ Nottingham Forest ដោយលទ្ធផល ១-០ ។
លោក Chris Armas ដែលជាជំនួយការរបស់លោក Ralf Rangnick អតីតអ្នកចាត់ការរបស់ក្រុម Man Utd នឹងទទួលបន្ទុកបណ្ដោះអាសន្ន សម្រាប់ការជួបគ្នានៅក្របខណ្ឌ Premier League ។
លោក Ten Hag បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “ពួកគេ [Anthony Martial និង Scott McTominay] មិនអាចលេងនៅថ្ងៃស្អែកបានទេ។” “ដូចគ្នាសម្រាប់ Antony dos Santos ។ គេនឹងអវត្តមានថ្ងៃស្អែកដែរ ដូច្នេះយើងត្រូវតែរកដំណោះស្រាយ”។
United ក៏កំពុងមិនមាន Donny van de Beek ដែលត្រូវអវត្តមានរហូតដល់ចប់រដូវកាល ខណៈ Christian Eriksen នឹងត្រលប់មកកាន់ទីលានប្រកួតវិញ នាចុងខែមេសា ឬដើមខែឧសភា។ ចំណែក អ្នកចាំទី Jack Butland ដែលខ្ចីជើងពី Crystal Palace ក៏ត្រូវអវត្តមានផងដែរ។
កីឡាករដ៏សំខាន់ម្នាក់របស់ United ដែលមិនមានឈ្មោះសម្រាប់ការប្រកួតយប់នេះ គឺ Casemiro ដែលទទួលបានកាតក្រហមកាលពីប្រកួតមុន ពេលក្រុមបិសាចក្រហមយកឈ្នះ Crystal៕