ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក មានគម្រោងដើម្បីនាំយកអតីតគ្រូបង្វឹកក្លិប RB Leipzig លោក Domenico Tedesco មកជាគ្រូបង្វឹកថ្មី ខណៈការចរចាកំពុងធ្វើឡើងដោយរលូន។
បុរសជនជាតិអ៊ីតាលីកាត់អាល្លឺម៉ង់ វ័យ៣៧ឆ្នាំ បានយល់ព្រមមកជំនួសកន្លែងរបស់លោក Roberto Martinez ដែលបានលាលែងពីតំណែងពីក្រុមបែលហ្ស៊ិក ទៅដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2022។
បែលហ្ស៊ិក នៅត្រូវចរចារឿងថ្លៃឈ្នួលរបស់លោក Domenico Tedesco ជាមួយក្លិប RB Leipzig ព្រោះបើទោះបីជាលោកត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកញ្ញាក្តី តែលោកនៅមានសិទ្ធិទទួលបានប្រាក់ឈ្នួលប្រមាណ ១លានអឺរ៉ូពីក្លិបលីគកំពូលអាល្លឺម៉ង់ដដែល។
ក្រៅពីនេះប្រសិនបើក្លិប RB Leipzig ក្លាយជាជើងឯកក្របខណ្ឌ Bundesliga លោក Tedesco នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមទៀត។
យ៉ាងណា សមាគមបាល់ទាត់បែលហ្ស៊ិក មានក្តីសង្ឃឹមថា ការប្រកាសពីការតែងតាំងគ្រូបង្វឹកក្រុមជម្រើសជាតិថ្មី នឹងអាចធ្វើឡើងនៅចុងសប្តាហ៍នេះ។
នៅពេលចូលកាន់តំណែង គ្រូបង្វឹកថ្មីរបស់បែលហ្ស៊ិក នឹងមានភារកិច្ចធំៗនៅរង់ចាំនោះគឺការរៀបចំក្រុមឡើងវិញ រួមនឹងការប្រកួតបើកឆាកវគ្គជម្រុះពូល F ពានរង្វាន់ UEFA Euro 2024 ដែលបែលហ្ស៊ិកត្រូវទៅជួបក្រុមស៊ុយអែតនៅថ្ងៃទី ២៤ ខែមីនា ខាងមុខនេះ៕