Marcus Rashford និង Jadon Sancho បានបដិសេធ Leeds United ក្នុងការទទួលជ័យជម្នះនៅកីឡដ្ឋាន Old Trafford នៅពេលដែល Manchester United បានវាយបកតាមស្មើពីរគ្រាប់ដើម្បីដណ្តើមបានមួយពិន្ទុ។
ក្រុមម្ចាស់ផ្ទះត្រូវបាននាំមុខដោយក្រុមភ្ញៀវត្រឹមតែ១នាទីប៉ុណ្ណោះក្នុងវគ្គទីមួយ នៅពេលដែល Wilfried Gnonto ស៊ុតផុតអ្នកចាំទី David de Gea ហើយលទ្ធផលនេះ បានរក្សាដល់ម៉ោងសម្រាក៤៥នាទីដំបូង។ ចូលដល់វគ្គទីពីរ Raphael Varane បានធ្វើឱ្យបាល់របស់ Crysencio Summerville ចូលទៅក្នុងសំណាញ់ទីខ្លួនឯង ដើម្បីធ្វើឱ្យ Leeds នាំមុខពីរគ្រាប់ នៅដើមតង់។
ប៉ុន្តែ Rashford បានកាត់បន្ថយការនាំមុខមកត្រឹមមួយគ្រាប់ នៅពេលដែលខ្សែប្រយុទ្ធរូបនេះ តែតបញ្ចូលទីពីការក្រូសបាល់ពី Diogo Dalot នៅនាទី៦២។ Sancho បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្របខណ្ឌ Premier League ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ដើម្បីរកគ្រាប់តាមស្មើឱ្យក្រុមបិសាចក្រហម នៅនាទីទី៧០។
Leeds ដែលទើបតែបណ្តេញអ្នកចាត់ការ Jesse Marsch ចេញពីតំណែងកាលពីថ្ងៃចន្ទ ត្រូវបានដឹកនាំដោយអ្នកចាត់ការបណ្ដោះអាសន្ន។ លទ្ធផល ២-២ នេះ បានជំរុញឱ្យពួកគេមាន ១ពិន្ទុលើតំបន់កាត់ចោល នៅចំណាត់ថ្នាក់លេខ១៦។ ដោយឡែក Man Utd បានរក្សាចំណាត់ថ្នាក់លេខ ៣ របស់ខ្លួន ដោយមាន ៣ពិន្ទុលើ Newcastle United ដែលសល់មួយប្រកួតក្នុងដៃ។
ការប្រកួតរវាង Leeds United និង Manchester United ម្ដងទៀត នឹងធ្វើឡើងនៅកីឡដ្ឋាន Elland Road ក្នុងរយៈពេល ៤ថ្ងៃបន្ទាប់ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ វេលាម៉ោង១១:៣០នាទីយប់តទៅ៕