លោក Carlo Ancelotti បានបង្ហាញការមិនពេញចិត្តចំពោះកូនក្រុម Real Madrid របស់ខ្លួន បើទោះជាពួកគេបានឈ្នះទៅលើក្រុមអេហ្ស៊ីប Al Ahly ក្នុងពានរង្វាន់ FIFA Club World Cup ក្តី។
ជាការពិត Real Madrid បានយកឈ្នះទៅលើក្រុម Al Ahly ដោយលទ្ធផល ៤-១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup។ ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Prince Moulay Abdellah ទីក្រុង Rabat ប្រទេសម៉ារ៉ុក នោះគឺ Real Madrid បាននាំមុខ១គ្រាប់នៅនាទី៤២ មុនចប់វគ្គទី១ ដោយគ្រាប់បាល់របស់ Vinicius Junior។
នៅវគ្គទី២ Federico Valverde បានបន្ថែមគ្រាប់នាំមុខសម្រាប់ក្រុមអធិរាជស ប៉ុន្តែ នាទី៦៥ ក្រុម Al Ahly បានតាម១គ្រាប់មកវិញ ដោយបាល់ពិន័យ១១ម៉ែត្រពីការស៊ុតរបស់កីឡាករ Ali Maaloul។ នាទី៨៧ Luka Modric មានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រដែរ តែមិនសម្រេច។ យ៉ាងណា Real Madrid បន្តរកបាន២គ្រាប់បន្ថែមទៀត ដោយគ្រាប់បាល់របស់ Rodrygo នៅនាទី៩០+២ និង Sergio Arribas នៅនាទី៩០+៨។
បើទោះជាបានឈ្នះដូចនេះមែន ប៉ុន្តែលោក Carlo Ancelotti បានបង្ហាញការមិនពេញចិត្ត ដោយថា កូនក្រុមខ្លួនហាក់ដូចជាប្រកួតលេងសើច មិនយកចិត្តទុកដាក់នោះទេ។
គ្រូបង្វឹកជនជាតិអ៊ីតាលីអោយដឹងបែបនេះ “កីឡាកររបស់ខ្ញុំហាក់ដូចជាកំពុងលេងសើចជាមួយភ្លើង។ យើងនាំមុខ២គ្រាប់មុន ហើយបែរជាគិតថា ការប្រកួតនេះវាចប់ហើយ អញ្ចឹងគ្រប់គ្នាបែរជាចាប់ផ្តើមការប្រកួតរបៀបលេងសើច រហូតរបូតគ្រាប់បាល់ទៅវិញ។”
លោក Ancelotti បន្តថា “នេះជាការប្រកួតដ៏សំខាន់ណាស់ ព្រោះយើងធ្វើមិនបានល្អច្រើនប្រកួតហើយ។ យើងត្រូវតែផ្តោតអារម្មណ៍គ្រប់ពេលនៅលើទីលាន។ ខ្ញុំមិនពេញចិត្តការលេងរបស់ពួកយើងនៅពេលនេះទេ។”
ដោយឡែក សម្រាប់ជ័យជម្នះនេះ Real Madrid នឹងបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ដោយត្រូវប៉ះក្រុមអារ៉ាប៊ីសាអូឌីត Al-Hilal។ ការប្រកួតនឹងធ្វើឡើងនាកីឡដ្ឋាន Prince Moulay Abdellah ទីក្រុង Rabat ប្រទេសម៉ារ៉ុក ដដែល នាយប់ថ្ងៃទី ១១ ខែកុម្ភៈ ខាងមុខនេះ៕