លោក Erik Ten Hag គ្រូបង្វឹក Man United បានធ្វើការព្រមានទៅដល់ខ្សែប្រយុទ្ធ Jadon Sancho ថា រូបគេត្រូវតែបន្តខិតខំប្រឹងប្រែងថែមទៀត ទើបបានជាប់ជម្រើស១១នាក់ដំបូង។
កាលពីពេលថ្មីៗនេះ Sancho បានរួមចំណែកស៊ុត១គ្រាប់ជួយឱ្យ Man United លេងស្មើ Leeds United ២-២ ក្នុងជំនួបក្របខណ្ឌ Premier League លើទឹកដី Old Trafford ខណៈដែល Marcus Rashford រួមចំណែកស៊ុតបើកឆាកឱ្យបិសាចក្រហមបាន១គ្រាប់ដែរ ឯខាង Leeds វិញគឺកីឡាករ Wifred Gnonto រកបាន១គ្រាប់ហើយ Raphael Varane ស៊ុតចូលទីខ្លួនឯង១គ្រាប់។
រីឯ Sancho វិញទើបតែបានបង្ហាញខ្លួនលើកដំបូងឲ្យ Man United នៅឆ្នាំ២០២៣នេះ បន្ទាប់ពីរូបគេបានទៅហ្វឹកហាត់ពង្រឹងកាយសម្បទាឃ្លាតឆ្ងាយពីក្រុមតាំងពីខែកញ្ញាមកម៉្លេះ។
ដោយឡែកលោក Ten Hag បានព្រមានរូបគេ “ខ្ញុំពិតជាសប្បាយចិត្តជំនួស Jadon Sancho ។ គេបានវិលត្រឡប់មកវិញហើយ ពួកយើងដឹងថាគេជាកីឡាករដ៏អស្ចារ្យ។ ប៉ុន្តែគេត្រូវតែប្រឹងប្រែងដើម្បីជាប់ជម្រើសដំបូង។ វានឹងបំផុសទឹកចិត្តឱ្យគេកាន់តែល្អ។ ខ្ញុំពិតជារីករាយណាស់ ជាពិសេសគឺចំពោះគេ។ វានឹងធ្វើឱ្យគេកាន់តែរឹងមាំ។ បើអ្នកលេងការប្រកួតគឺអ្នកត្រូវការបង្ហាញអត្តចរិតខុសពីនេះ។ អ្នកត្រូវតែត្រៀមខ្លួនឲ្យរួចរាល់និងមានទំនួលខុសត្រូវ។”
ដោយឡែក ក្រោយការចែកគ្នាម្នាក់១ពិន្ទុទល់នឹង Leeds United គឺ Man UTD នៅឈរលេខ៣ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៤៣ពិន្ទុ ខណៈ Leeds United នៅលេខ១៦ មាន១៩ពិន្ទុ។ ក្រុមទាំង២ក៏នឹងត្រូវប៉ះគ្នាសាជាថ្មីនៅចុងសប្តាហ៍នេះ ដោយការប្រកួតធ្វើឡើងនាទីលាន Elland Road របស់ Leeds United វិញម្តង៕