×

PSG រងពាក្យស្តីបន្ទោស ជុំវិញការព្យាយាមបន្តកុងត្រាថ្មីសម្រាប់ Lionel Messi

អតីតខ្សែបម្រើ PSG លោក Jerome Rothen បានលើកឡើងថា ក្លិប PSG មិនគួរផ្តល់កុងត្រាថ្មី សម្រាប់ខ្សែប្រយុទ្ធ Lionel Messi នោះទេ។

ការលើកឡើងនេះ បន្ទាប់ពីក្រុម Marseille បានទមា្លក់ក្រុម PSG ក្នុងលទ្ធផល ២-១ចេញពីពានរង្វាន់ Coupe de France ត្រឹមវគ្គ១៦ក្រុម កាលពីថ្ងៃទី០៨ ខែកុម្ភៈ។ ជ័យជម្នះរបស់ Marseille សម្រេចបានដោយ Alexis Sanchez និង Ruslan Malinovskyi ចំណែក១គ្រាប់របស់ PSG រកបានដោយ Sergio Ramos ខណៈ Lionel Messi ហាក់ធ្វើពុំសូវបានល្អសម្រាប់ការប្រកួតមួយនេះ។

កុងត្រារបស់ Messi នឹងត្រូវផុតអស់សុពលភាពនៅរដូវក្តៅនេះ ហើយ PSG កំពុងបញ្ចុះបញ្ចូល រូបគេឱ្យស្នាក់នៅទឹកដី Parc des Princes បន្តទៀត។

យ៉ាងណា លោក Jerome Rothen អតីតសមាជិកក្រុម PSG អំឡុងឆ្នាំ ២០០៤ ដល់ ២០១០ បានពណ៌នាអំពីឆន្ទៈរបស់ក្លិបក្នុងការចង់រក្សា Messi ដោយថា “ជារឿងកំប្លែង ហើយការរក្សាកីឡាករ Messi នឹងបង្កឱ្យមានបញ្ហាបន្ថែមទៀតទាក់ទងនឹងច្បាប់ហិរញ្ញវត្ថុ Financial Fair Play។ ខណៈដែល Messi ត្រូវបានរាយការណ៍ថា រកបានប្រមាណ ៦២លានដុល្លារក្នុងមួយឆ្នាំពី PSG ។”

បុរសជនជាតិបារាំងវ័យ៤៤ឆ្នាំ ក៏បានរិះគន់ Messi សម្រាប់ការមិនផ្តល់ផលវិជ្ជមានសម្រាប់គម្រោងក្លិបផងដែរ។

គួរបញ្ជាក់ថា Lionel Messi ផ្លាស់ពីក្លិប Barcelona មកចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន នៅក្នុងឆ្នាំ២០២១ ដោយបានបង្ហាញខ្លួនសរុបចំនួន ៥៩ប្រកួត និងស៊ុតបញ្ចូលទីបាន ២៦គ្រាប់ និងចែកបាល់សម្រេចទី ២៩ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង