សហព័ន្ធបាល់ទាត់ប្រេស៊ីល បានបដិសេធការផ្សព្វផ្សាយដែលលើកឡើងថា ពួកគេនឹងតែងតាំងគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មកជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិខ្លួន។
ជាការពិត មួយរយៈចុងក្រោយនេះ មានព័ត៌មានដែលថា លោក Carlo Ancelotti ទទួលការចាប់អារម្មណ៍ពីក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការទៅដឹកនាំជំនួសលោក Tite ដែលបានលាលែងពីតំណែងក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup 2022។
ជុំវិញរឿងនេះ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានឱ្យដឹងថា៖ “គ្រូបង្វឹកដែលត្រូវបានជ្រើសរើសជាផ្លូវការនឹងត្រូវប្រកាសនៅពេលដ៏ត្រឹមត្រូវ។ ប្រេស៊ីលគ្មានគ្រូបង្វឹកទេ ចាប់តាំងពីលោក Tite ចាកចេញបន្ទាប់ពីបរាជ័យនៅ FIFA World Cup 2022។”
សូមបញ្ជាក់ថា លោក Carlo Ancelotti មិនធ្លាប់ធ្វើជាគ្រូធំក្នុងក្រុមជម្រើសជាតិទេ ដោយធ្លាប់ធ្វើតែជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី អំឡុងឆ្នាំ១៩៩០ ប៉ុណ្ណោះ៕