×

ការប្រកួតកម្មវិធី European Super League អាចមានក្រុមចូលរួមជាង៨០ក្រុម

អនាគតនៃក្របខណ្ឌកំពូលថ្មីមួយនៅអឺរ៉ុប European Super League អាចនឹងមានក្រុមចូលរួមច្រើនដល់ទៅជាង៨០ក្រុម។ នេះបើតាមការលើកឡើងរបស់លោក Bernd Reichart នាយកប្រតិបត្តិនៃក្រុមហ៊ុន A22 Sports Management ដែលជាម្ចាស់ឧបត្ថម្ភធំសម្រាប់ការបង្កើតក្របខណ្ឌបាល់ទាត់ បំបែកខ្លួនចេញពីក្របខណ្ឌកំពូលអឺរ៉ុប UEFA ។

សេចក្តីថ្លែងការណ៍របស់ម្ចាស់ក្រុមហ៊ុន A22 ឱ្យដឹងថា៖ “មូលដ្ឋានគ្រឹះបាល់ទាត់អឺរ៉ុបកំពុងស្ថិតក្នុងការគំរាមកំហែង ហើយវាដល់ពេលផ្លាស់ប្តូរហើយ។ ក្លិបជាច្រើនបានស្នើឱ្យបើកក្របខណ្ឌ European Football League ហើយមានក្លិបពី ៥០ ទៅ៨០ និងទទួលបានការប្រកួត ១៤លើកនៅអឺរ៉ុបជាអប្បបរមាដែលមានការធានាដល់ក្លិបនីមួយៗ។”

A22 ក៏បានអះអាងបន្ថែមថា គោលបំណងនៃពានរង្វាន់ថ្មីនេះ មានគោលការណ៍ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការប្រកួតប្រជែង និងបទពិសោធន៍ថ្មីសម្រាប់អ្នកគាំទ្រ។

កាលពីខែឧសភា ឆ្នាំ២០២១ ក្លិបបាល់ទាត់អឺរ៉ុបចំនួន ១២ រួមមាន Real Madrid, Barcelona, Juventus និង Man United ជាដើម បានប្រកាសបំបែកខ្លួនចេញពីក្របខណ្ឌកំពូលអឺរ៉ុបបច្ចុប្បន្ន UEFA Champions League។ ប៉ុន្តែការចាកចេញមិនបានសម្រេចទេ ដ្បិតអ្នកគាំទ្របាល់ទាត់ស្ទើរពេញមួយពិភពលោក រដ្ឋាភិបាលជាច្រើន និងកីឡាករបានរិះគន់លើរឿងនេះ។

ក្រោយរងការរិះគន់ខ្លាំងលើក្លិបធំៗដូចជា Man United, Liverpool, Man City, Chelsea, Tottenham Hotspur, Arsenal, AC Milan, Inter Milan និង Atletico Madrid ធ្វើឱ្យពួកគេដកខ្លួនចេញវិញ។ យ៉ាងណា Real Madrid, Barcelona និង Juventus នៅតែបន្តបំណងចង់បង្កើតពានរង្វាន់ថ្មីនេះ។

ការប្រកាសកាលពីឆ្នាំ ២០២១ នោះ ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏ដូចជា FIFA បានប្តឹងទៅកាន់តុលាការ ចំពោះការបង្កើតពានរង្វាន់ថ្មីនេះ ដើម្បីរារាំងកុំឱ្យមានក្លិបនិងកីឡាករចាកចេញពីច្បាប់នៃការប្រកួតប្រជែងក្នុងតំបន់អឺរ៉ុប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង