×

ក្រុមហ៊ុនវិនិយោគនាប្រទេសកាតាត្រៀមដេញថ្លៃទិញយកក្លិប Man UTD ឆាប់ៗនេះ

ក្រុមហ៊ុនវិនិយោគនាប្រទេសកាតា បានធ្វើការត្រៀមខ្លួនដេញថ្លៃទិញយកក្លិប Man UTD នៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Bloomberg ។

របាយការណ៍ពីប្រភពដដែល បានបន្ថែមថា ការដាក់សំណើដេញថ្លៃដំបូងសម្រាប់ក្លិបបិសាចក្រហម នឹងដំណើរការនៅចុងសប្តាហ៍នេះ ហើយក្រុមហ៊ុន Qatar Sports Investments កំពុងជួយរៀបចំសម្រាប់ការដេញថ្លៃនេះ។

ការដេញថ្លៃទាំងអស់ ត្រូវតែធ្វើឡើងមុនថ្ងៃទី១៧ ខែកុម្ភៈ ជាមួយនឹងម្ចាស់ក្លិបជា មហាសេដ្ឋីអាមេរិកគ្រួសារ Glazer ដែលដាក់តម្លៃលក់ប្រហែល ៦ពាន់លានផោន។

កន្លងទៅ មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដែលជាអ្នកគាំទ្រ Man UTD ក៏ចាប់អារម្មណ៍ក្នុងការទិញក្លិបនេះដែរ តែត្រូវ The Glazer Group បានដំឡើងថ្លៃដល់ទៅ ៨ ពាន់លានផោនដែលជាហេតុធ្វើឱ្យលោក Jim ដកខ្លួនទៅពិចារណាឡើងវិញ។

ឥឡូវនេះ របាយការណ៍ចុងក្រោយ បានឱ្យដឹងថា អ្នកវិនិយោគដែលចាប់អារម្មណ៍គឺមានភាគហ៊ុនដាច់ដោយឡែកពីក្រុមហ៊ុន Qatar Sports Investments ដែលជាម្ចាស់ក្លិបបារាំង Paris St Germain ហើយនេះជាការដេញថ្លៃដោយមូលនិធិបុគ្គល មិនមែនជាមូលនិធិរួមជាមួយក្រុមអ្នកវិនិយោគផ្សេងទេ។

សូមបញ្ជាក់ថា ក្លិបបិសាចក្រហមត្រូវបានប្រកាសដាក់លក់កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារមហាសេដ្ឋីអាមេរិកត្រកូល Glazer អស់រយៈពេល ១៧ឆ្នាំមកហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង