សារព័ត៌មាន The Express របស់ចក្រភពអង់គ្លេស បានរាយការណ៍ថា លោក Elon Musk មហាសេដ្ឋីអាមេរិកដ៏ល្បីឈ្មោះមួយរូប កំពុងតាមដានស្ថានភាពទាក់ទងនឹងការលក់ក្លិប Man United ដោយលោក កំពុងស្វែងរកផ្លូវក្នុងការទិញយកក្លិបមួយនេះ។
គ្រួសារត្រកូល Glazers ដែលជាម្ចាស់ក្លិបបច្ចុប្បន្ន បានកំណត់កាលបរិច្ឆេទ សម្រាប់ការដេញថ្លៃនាពេលអនាគត ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ។
លោក Jim Ratcliffe មហាជនជាតិអង់គ្លេស នៅតែជាមនុស្សតែម្នាក់គត់ ដែលបានប្រកាសជាសាធារណៈនូវចំណាប់អារម្មណ៍ទិញយកក្លិបពីគ្រួសារត្រកូល Glazers ។ ប៉ុន្តែមានសេចក្តីរាយការណ៍មួយចំនួនថា ក្លិប Man United ទទួលការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគនៅសហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនវិនិយោគ ដែលមានមូលដ្ឋាននៅប្រទេសកាតា ដែលមានទ្រព្យរាប់រយពាន់លានដុល្លារ ហើយពួកគេអាចនឹងចូលរួម នៅក្នុងដំណើរការដេញថ្លៃរួមជាមួយលោក Elon Musk និងលោក Jim Ratcliffe នាពេលខាងមុខផងដែរ។
របាយការណ៍ជាច្រើនអះអាងថា លោក Elon Musk ដែលមានទ្រព្យប្រមាណ ១៧៥ពាន់លានដុល្លារ ដែលត្រូវបានគេដឹងថា ជាអ្នកគាំទ្រ ក្រុម Man United ម្នាក់ផងនោះ កំពុងពិចារណាលើការសម្រេចចិត្ត ដើម្បីធ្វើការដេញថ្លៃជាផ្លូវការសម្រាប់ទិញយកក្លិបនេះ ហើយលោក មិនចង់បាត់បង់ឱកាសក្នុងការវិនិយោគក្លិបបាល់ទាត់ដ៏ធំបំផុតមួយលើពិភពលោកនោះទេ។
ការដេញថ្លៃត្រូវបានរំពឹងថា នឹងមានតម្លៃដល់ ៤.៥ពាន់លានដុល្លារ បើទោះបីជាគ្រួសារត្រកូល Glazers ត្រូវបានរាយការណ៍ថា ចង់បានចន្លោះពី ៦-៨ពាន់លានដុល្លារសម្រាប់ការលក់ពេញលេញយ៉ាងណាក៏ដោយ។ ជាមួយគ្នានោះ ប្រភពខ្លះបានបង្ហើបថា ម្ចាស់ក្លិបបច្ចុប្បន្ន ក៏បើកចំហចំពោះគំនិតនៃការរក្សាភាគហ៊ុនភាគច្រើនរបស់ខ្លួនផងដែរ៕