លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា ឥឡូវនេះគាត់មានជំនឿបន្ថែមទៀតថា ក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ បើទោះបីជាពួកគេបានចាញ់ Manchester City ដោយលទ្ធផល ១-៣ នៅកីឡដ្ឋាន Emirates ក៏ដោយ។
បរាជ័យនេះធ្វើឱ្យ Man City បានឡើងឈរនៅលើកំពូលតារាង ដោយសារផលសងគ្រាប់បាល់ច្រើនជាង។ ប៉ុន្តែ Arteta បាននិយាយថា៖ “ពួកគេនៅតែមានវា [ជំនឿ] ខ្ញុំគិតថាអ៊ីចឹង។ ខ្ញុំគិតថាពួកគេអាចធ្វើបាន”។
បន្ទាប់ពីយកឈ្នះលើក្រុម Manchester United កាលពីថ្ងៃទី២២ ខែមករា Arsenal មាន ៥ ពិន្ទុដាច់ ដោយសល់មួយប្រកួតនៅក្នុងដៃ ប៉ុន្តែក្រុមកាំភ្លើងធំ រកបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ចាប់តាំងពីពេលនោះមក។
នៅក្នុងការជួបគ្នាយប់មិញ Kevin de Bruyne បានបើកការស៊ុតបញ្ចូលទី ដោយសារកំហុសរបស់ Takehiro Tomiyasu ប៉ុន្តែ Bukayo Saka បានតាមស្មើសម្រាប់ Arsenal ដោយស៊ុតប៉េណាល់ទី បន្ទាប់ពីកំហុសរបស់ Ederson លើ Eddie Nketiah មុនពេលគ្រាប់បាល់របស់ Jack Grealish និង Erling Haaland បានផ្ដល់ ៣ ពិន្ទុដ៏សំខាន់សម្រាប់ City ។
ជ័យជម្នះនេះ ជួយឱ្យក្រុមរបស់លោក Pep Guardiola ឡើងឈរនៅលេខ១ មាន ៥១ពិន្ទុ ស្មើគ្នាជាមួយ Arsenal ដែលនៅសល់មួយប្រកួតក្នុងដៃ៕