×

Xavi ថានឹងប្រុងប្រយ័ត្នចំពោះRashford សម្រាប់ការប្រកួត UEL យប់នេះ

លោក Xavi Hernandez អ្នកចាត់ការទូទៅរបស់ក្លិប Barcelona បានសរសើរលោក Erik ten Hag ដែលបានផ្លាស់ប្តូរ Manchester United និងប្រែក្លាយ Marcus Rashford ទៅជា កីឡាករដ៏គ្រោះថ្នាក់បំផុតមួយនៅអឺរ៉ុប។

ក្រុមយក្សរបស់អេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមបិសាចក្រហម Manchester United នៅយប់នេះ ក្នុងជើងទីមួយនៃការប្រកួត Europa League វគ្គ Play-off ។

លោក Ten Hag ត្រូវបានតែងតាំងកាលពីដើមរដូវកាល ហើយកែប្រែ Man Utd យ៉ាងលឿន ដោយបិសាចក្រហមកំពុងឈរនៅលេខ៣ នៅក្របខណ្ឌ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ EFL Cup ផងដែរ។

Xavi បាននិយាយថា៖ “Ten Hag គឺជាគ្រូបង្វឹកដ៏អស្ចារ្យ” ។ “ខ្ញុំជឿថា ស្ថានភាពរបស់ United មិនមែនជាការងារងាយស្រួលនោះទេ ហើយគាត់កំពុងសម្រេចវា។”

“គាត់ផ្លាស់ប្តូររបៀបប្រយុទ្ធ ការការពារ គ្រប់គ្នាធ្វើការបានយ៉ាងល្អ ដូច្នេះវាជាគូប្រជែងដ៏ស្វិតស្វាញសម្រាប់ពួកយើង ហើយគាត់ជាគ្រូបង្វឹកដែលគួរឱ្យចាប់អារម្មណ៍”។

Rashford បានស៊ុតបញ្ចូលទីគ្រាប់ទី ១៣ ក្នុង ១៥ ប្រកួតចាប់តាំងពីការប្រកួត World Cup ក្នុងជ័យជម្នះ ២-០ កាលពីថ្ងៃអាទិត្យលើក្រុម Leeds ដោយស៊ុតបញ្ចូលទីបានច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប នាពេលនោះ។

Xavi បានបន្ថែមថា៖ “នៅក្នុងការផ្លាស់ប្តូរនេះ គេជាកីឡាករដ៏គ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះពួកយើងត្រូវតែប្រុងប្រយ័ត្នពួកគេ ជាពិសេស Rashford” ។ “គេជាកីឡាករដ៏គ្រោះថ្នាក់បំផុតម្នាក់នៅអឺរ៉ុប ក្នុងពេលបច្ចុប្បន្ន”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង