×

មហាសេដ្ឋីកូនកាត់អ៊ីរ៉ង់-អាមេរិកលោក Jahm Najafi ត្រៀមដេញថ្លៃក្លិប Tottenham Hotspur

មហាសេដ្ឋីកូនកាត់អ៊ីរ៉ង់ អាមេរិក លោក Jahm Najafi ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគផ្នែកកីឡាករ MSP Sports Capital គ្រោងនឹងដាក់ពាក្យដេញថ្លៃទិញយកក្លិប Tottenham Hotspur។

ក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ សារព័ត៌មាន Reuters មិនអាចសុំការបកស្រាយពីក្លិប Tottenham Hotspur បានទេ ក្រោយលេចឮដំណឹងខាងដើមនេះ។

លោក Najafi មិនមែនទិញក្លិប Spur ដាច់តែឯងទេ ពោលគឺលោកគ្រោងនឹងចូលហ៊ុន ៧០ភាគរយ ហើយសហការជាមួយក្រុមហ៊ុនផ្សេងទៀត មកពីសហព័ន្ធអារ៉ាប់។

មួយរយៈចុងក្រោយនេះ ក្លិបកំពូលៗអង់គ្លេសជាច្រើនដាក់លក់ ខណៈម្ចាស់របស់ក្លិបទាំងនោះជួបបញ្ហាសេដ្ឋកិច្ចខ្លាំង ក្រោយជំងឺកូវីដ១៩ ក៏ដូចជាបញ្ហានៅអ៊ុយក្រែន។

ជាក់ស្តែង ក្លិប Premier League ផ្សេងទៀតដូចជា Man United និង Liverpool ក៏កំពុងស្វែងរកការវិនិយោគផងដែរ។ អ្នកវិនិយោគនាប្រទេសកាតា កំពុងរៀបចំដេញថ្លៃទិញ Man United ខណៈក្រុមហ៊ុនរបស់លោក Jim Ratcliffe បានចូលដំណើរការដេញថ្លៃជាផ្លូវការកាលពីខែមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង