Liverpool និង Everton ត្រូវបានសមាគមបាល់ទាត់អង់គ្លេស ចោទប្រកាន់បន្ទាប់ពីមានការប៉ះទង្គិចគ្នា អំឡុងការប្រកួត Merseyside Derby កាលពីពេលកន្លងទៅ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅនាទីទី ៨៦ នៃជ័យជម្នះ ២-០ របស់ហង្សក្រហម Premier League នៅកីឡដ្ឋាន Anfield ។ សមាគមបាល់ទាត់អង់គ្លេស បាននិយាយថា កីឡាកររបស់ពួកគេបញ្ចេញអាកប្បកិរិយាបង្ករឿងដាក់គ្នា។ ដូច្នេះ Liverpool និង Everton មានពេលរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ។
គួរកត់សម្គាល់ថា កីឡាកររបស់ក្រុមទាំងសងខាង រួមទាំងកីឡាករបម្រុងមួយចំនួន បានចូលរួមនៅក្នុងឧប្បត្តិហេតុនេះ។ វាបានកើតឡើងដោយសារការខ្វែងគំនិតគ្នារវាង Andrew Robertson និងអ្នកចាំទី Jordan Pickford របស់ Everton ដោយកីឡាករទាំងពីរ ទទួលបានកាតលឿង៕