បុរសជនជាតិបារាំង Philippe Troussier នឹងចាប់ផ្ដើមចូលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម និងក្រុម U23 ចាប់ពីខែមីនា ឆ្នាំ២០២៣តទៅ។
កិច្ចសន្យារបស់ Troussier ជាមួយសហព័ន្ធបាល់ទាត់វៀតណាម មានសុពលភាពចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ អតីតកីឡាករបារាំងរូបនេះ នឹងចុះហត្ថលេខាជាផ្លូវការ នេះបើយោងតាមលោក Tran Anh Tu អនុប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម។
ប្រាក់បៀវត្សរ៍របស់គាត់ត្រូវបានរាយការណ៍ថានឹងលើសពី ៥ម៉ឺនដុល្លារក្នុងមួយខែ ដែលជាប្រាក់បៀវត្សរ៍របស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមដែលបានផុតកុងត្រា ពោលគឺលោក Park Hang-seo ។
លោក Troussier នឹងរៀបចំក្រុម U23 វៀតណាម ដើម្បីការពារតំណែងជើងឯករបស់ខ្លួន ដែលបានឈ្នះមេដាយមាស កាលពីឆ្នាំ២០២១។
មហិច្ឆតារបស់លោក Troussier គឺការជួយវៀតណាមឱ្យទទួលបានជោគជ័យក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦ ដែល FIFA បានបង្កើនចំនួនក្រុមដែលចូលរួមដល់ ៤៨ក្រុម។
លោក Troussier មានវ័យ ៦៧ ឆ្នាំ បានដើរតួជាទីប្រឹក្សាយុទ្ធសាស្ត្រ និងបន្ទាប់មកជានាយកបច្ចេកទេសនៅមូលនិធិលើកកម្ពស់ទេពកោសល្យបាល់ទាត់វៀតណាម កាលពីឆ្នាំ២០១៨ ។ មួយឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាគ្រូបង្វឹក U19 ដែលគាត់បានជួយវៀតណាមឱ្យបានកក់កៅអីមួយនៅពានរង្វាន់ U19 AFC Championship 2020 ដែលត្រូវលុបចោលដោយសារតែ Covid-19 ។
គាត់បានដឹកនាំក្រុមជម្រើសជាតិកូឌីវ័រ នីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង និងបួគីណាហ្វាសូ។ សមិទ្ធផលធំបំផុតរបស់គាត់ គឺការជួយឱ្យក្រុមជម្រើសជាតិជប៉ុនឈ្នះពានរង្វាន់ AFC Asian Cup ឆ្នាំ២០០០។ ពីរឆ្នាំក្រោយមក គាត់បានដឹកនាំជប៉ុនទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2002 ដែលជាសមិទ្ធផលល្អបំផុតរបស់ជប៉ុន ដែលមិនធ្លាប់មាននៅក្នុងការប្រកួតនៅពេលនោះ។ បន្ទាប់មក នៅឆ្នាំ២០២០សហព័ន្ធបាល់ទាត់អាស៊ី បានជ្រើសរើសគាត់ ជាគ្រូបង្វឹកដ៏ឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ Asian Cup ៕