×

Barcelona អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរក្រោយត្រូវចោទប្រកាន់ពីបទសូកប៉ាន់

ក្លិប Barcelona អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដូចជា ត្រូវកាត់ពិន្ទុ ឬកាត់ចេញពីក្របខណ្ឌ La Liga ក្រោយត្រូវបានចោទប្រកាន់ថា បានសូកប៉ាន់អតីតអនុប្រធានគណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្តាល លោក Jose Maria Enriquez Negreira អំឡុងពេលការគ្រប់គ្រងរបស់លោក Josep Bartomeu អតីតប្រធានក្លិបមួយនេះ។

លោក Negreira បានកាន់តួនាទីនៅសហព័ន្ធបាល់ទាត់អេស្ប៉ាញពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៨ ហើយចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ព្រះរាជអាជ្ញាទីក្រុង Barcelona បានចោទប្រកាន់ថា ក្លិប Barcelona បានបង់ប្រាក់ចំនួន ១.៤លានអឺរ៉ូ ទៅអោយក្រុមហ៊ុនរបស់លោក Negreira ដែលមានឈ្មោះថា DASNIL 95 ។ ប៉ុន្តែ លោក Negreira និងកូនប្រុស បានបដិសេធការចោទប្រកាន់នេះ។

ទន្ទឹមនឹងនេះ ក្លិប Barcelona បានប្រតិកម្មយ៉ាងខ្លាំង ដោយអះអាងថា ខ្លួនពិតជាបានជួលសេវាកម្មរបស់អ្នកប្រឹក្សាបច្ចេកទេសខាងក្រៅមែន ប៉ុន្តែបានបដិសេធរាល់កំហុសឆ្គង និងការចោទប្រកាន់ទាំងអស់ ស្របពេលដែលព័ត៌មាននេះ បានផ្ទុះឡើង នៅពេលដែលក្រុម Barcelona កំពុងកាន់កាប់កំពូលតារាង La Liga រដូវកាលនេះ ដោយដាច់ ៨ពិន្ទុពីក្រុមគូប្រជែង Real Madrid ដែលឈរនៅចំណាត់ថ្នាក់លេខ២។

ករណីរបស់ក្លិប Barcelona គឺស្រដៀងគ្នា ទៅនឹងក្លិប Man City ដែលកំពុងប្រឈមមុខ ដែលនឹងត្រូវកាត់ពិន្ទុ ឬកាត់ចេញពីក្របខណ្ឌ Premier League បន្ទាប់ពីរងការចោទប្រកាន់ថា បានបំពានច្បាប់ហិរញ្ញវត្ថុជាង ១០០ ករណី ដោយពួកគេខកខានមិនបានផ្តល់ព័ត៌មានលំអិតផ្នែកហិរញ្ញវត្ថុត្រឹមត្រូវស្របតាមច្បាប់របស់ Premier League ចាប់ពីរដូវកាល ២០០៩-១០ ដល់ ២០១៧-១៨៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង