×

Spurs ថ្កោលទោសចំពោះការរើសអើងជាតិសាសន៍លើSon Heung-min

Tottenham Hotspur បានអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមចាត់វិធានការភ្លាមៗ បន្ទាប់ពីខ្សែប្រយុទ្ធ Son Heung-min ត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍ តាមអ៊ីនធឺណិត។

ការរំលោភបំពាននេះ បានកើតឡើងក្នុងអំឡុងពេលជ័យជម្នះ ២-០ របស់ Spurs លើក្រុម West Ham នៅពេលដែល Son បានស៊ុតបញ្ចូលទីគ្រាប់ទីពីរឱ្យ Spurs ។ បន្ទាប់ពីការប្រកួត ក្រុមមាន់ខ្នាយមាស បានបង្ហោះនៅលើ Twitter ដោយនិយាយថា ពួកគេបានរាយការណ៍ករណីនេះជូនដល់អាជ្ញាធរដែលពាក់ព័ន្ធរួចរាល់។

ក្លិបបានចេញសេចក្ដីថ្លែងការណ៍ថា៖ “ពួកយើងនឹងនៅជាមួយ Sonny ហើយអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនិងអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់”។

ក្រុមប្រឆាំងការរើសអើងជាតិសាសន៍ដែលមានឈ្មោះថា Kick It Out នៅដើមខែនេះ បានទាមទារឱ្យមានកំណែទម្រង់លើច្បាប់ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ Brentford គឺកីឡាករ Ivan Toney ត្រូវបានទទួលរងនូវការរើសអើងនៅលើ Instagram ។

Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram និង Facebook បានថ្កោលទោសការរើសអើងនេះ ប៉ុន្តែបាននិយាយថា ខ្លួនមិនអាចចាត់វិធានការបានទេ ដោយសារសារមិនត្រូវបានរាយការណ៍នៅក្នុងកម្មវិធីរបស់ខ្លួន។

ប៉ូលិសបានឃាត់ខ្លួនលោក Antonio Neill អាយុ២៤ឆ្នាំ ដែលបានសារភាពពីការចោទប្រកាន់ពីបទផ្ញើសារប្រមាថដល់ Toney នៅតុលាការ Newcastle Magistrates កាលពីខែមករា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង