កាលពីពេលថ្មីៗនេះ វីរបុរសបាល់ទាត់បារាំង លោក Zinedine Zidane បានទទួលការងារដ៏គួរអោយភ្ញាក់ផ្អើលមួយ គឺលោកបានក្លាយជាអគ្គរដ្ឋទូតថ្មីរបស់ក្រុម Alpine-Renault ដែលពួកគេជាក្រុមប្រណាំងរថយន្ត F1។
បុរសវ័យ៥០ឆ្នាំ បានទន្ទឹងរង់ចាំការងារជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិបារាំង ក្រោយលោកចាកចេញពី Real Madrid នៅរដូវកាល ២០២០-២០២១។
យ៉ាងណាមិញ ការរំពឹងទុករបស់លោក Zidane ក៏បាត់បង់ទៅវិញ បន្ទាប់ពីសហព័ន្ធបាល់ទាត់បារាំងសម្រេចបន្តកុងត្រាថ្មីឱ្យគ្រូបង្វឹកបច្ចុប្បន្នលោក Didier Deschamps រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ឯណោះ។
ឥឡូវនេះ លោក Zinedine Zidane នឹងមិនរង់ចាំការងារថ្មី ដើម្បីដឹកនាំក្រុមណាមួយទៀតទេ ដោយលោកបានសម្រេចចិត្តទទួលការងារថ្មី ក្នុងការក្លាយជាអគ្គរដ្ឋទូត អោយក្រុមប្រណាំងរថយន្ត F1 Alpine នេះ។
ការជ្រើសរើសយកលោក Zidane នេះដែរ ត្រូវបានក្រុម Alpine អះអាងថា ពួកគេនឹងអាចធ្វើការផ្សព្វផ្សាយស្លាកយីហោរបស់ពួកគេកាន់តែមានប្រសិទ្ធភាពថែមទៀត។
ដោយឡែក ក្រុម Alpine-Renault ដែលមានកីឡាករប្រណាំង២រូបជនជាតិបារាំង Pierre Gasly និង Esteban Ocon នឹងត្រៀមខ្លួនចូលរួមការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក រដូវកាល ២០២៣នេះ ដែលនឹងចាប់ផ្តើមការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី ៥ ខែមីនា ខាងមុខ៕