ក្រសួងការបរទេសរបស់ប្រទេសហ្គាណា បាននិយាយថា សពរបស់កីឡាករ Christian Atsu ដែលជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិហ្គាណា ដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតរបស់គាត់វិញកាលពីថ្ងៃអាទិត្យ។
ជើងហោះហើរនេះ បានចុះចតនៅទីក្រុង Accra ហើយមឈូសរបស់គាត់ ត្រូវបានដឹកដោយសមាជិកនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្គាណា។ ក្រោយមក គេបានដឹកយកទៅមន្ទីរពេទ្យយោធាមួយ។
Atsu ដែលមានវ័យ ៣១ឆ្នាំ បានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ នៅប្រទេសតួកគី និងស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានឆក់យកជីវិតមនុស្សជាង ៤៦០០០ នាក់នៅក្នុងប្រទេសទាំងពីរ។
Atsu ធ្លាប់លេងឱ្យក្លិបតួកគី Hatayspor ។ សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា អតីតកីឡាករ Chelsea និង Newcastle United រូបនេះ ត្រូវបានជួយសង្គ្រោះមួយថ្ងៃបន្ទាប់ពីការរញ្ជួយដី ប៉ុន្តែសេចក្ដីរាយការណ៍នេះបានប្រែទៅជាមិនពិត ហើយសពរបស់គាត់ ត្រូវបានរកឃើញនៅក្រោមផ្ទះរបស់គាត់ នៅភាគខាងត្បូងប្រទេសតួកគី កាលពីថ្ងៃសៅរ៍៕