×

វៀតណាមបោះជំរំហ្វឹកហាត់នៅប្រទេសអារ៉ាប់រួម សម្រាប់យុទ្ធនាការការពារមេដាយមាសរបស់ខ្លួននៅស៊ីហ្គេម២០២៣

វៀតណាម នឹងបោះជំរំហ្វឹកហាត់ជាលើកដំបូងរបស់ពួកគេ ក្នុងខែមីនា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ពោលគឺលោក Philippe Troussier ដើម្បីត្រៀមសម្រាប់យុទ្ធនាការការពារមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Philippe Troussier នឹងផ្តោតលើព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះ។ កីឡាករវ័យក្មេងរបស់វៀតណាម នឹងហ្វឹកហាត់ចាប់ពីថ្ងៃទី១ ខែមីនា ហើយបញ្ជីឈ្មោះកីឡាករចំនួន ២៤ នាក់នឹងត្រូវបានប្រកាសនៅពេលក្រោយ។ កូនក្រុមរបស់លោក Philippe Troussier នឹងចាប់ផ្ដើមការហ្វឹកហាត់នៅក្នុងប្រទេសអារ៉ាប់រួម ហើយនឹងមានការប្រកួតមិត្តភាពជាច្រើននៅទីនោះ។

កីឡាករវៀតណាមក៏នឹងចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ U20 Asian Cup នៅប្រទេសអ៊ូបេគីស្ថាន ក្នុងខែមីនាផងដែរ។ បន្ទាប់មក គ្រូបង្វឹក Troussier អាចនឹងជ្រើសរើសកីឡាករមួយចំនួនដែលបង្ហាញទម្រង់លេងល្អ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់វៀតណាម និងគ្រូបង្វឹកលោក Troussier ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។

ឆ្នាំនេះ វៀតណាមមានបំណងការពារមេដាយមាសរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ៣២ នៅកម្ពុជា និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣។ គ្រូបង្វឹក Troussier បានកំណត់គោលដៅក្នុងការជួយឱ្យវៀតណាមបង្ហាញខ្លួននៅជុំផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ២០២៦ផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង