ក្រុមអ្នកគាំទ្រក្លិប Man UTD ដែលគេស្គាល់ថា Man UTD Supporters Trust បានស្នើឱ្យ រាល់គ្រប់ម្ចាស់ថ្មីរបស់ក្លិបគួរគិតគូរឱ្យបានខ្ពស់លើគុណភាពក្រុមដើម្បីបង្កើនលទ្ធភាពប្រជែងពាន Premier League និងចូលរួមគោរពដល់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកកែភេទផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ គ្រួសារ Glazer ដែលជាម្ចាស់ក្លិប Man UTD បានប្រកាសលក់ក្លិបបិសាចក្រហម។ ការប្រកាសធ្វើឡើងក្រោយការរិះគន់ខ្លាំងៗនិងការតវ៉ា ពីអ្នកគាំទ្រឱ្យផ្លាស់ប្តូរថ្នាក់ដឹកនាំជាច្រើនលើក ក្រោយក្រុមខកខានឈ្នះពានរង្វាន់នានាតាំងពីឆ្នាំ ២០១៧ មក។
យ៉ាងណា រដូវកាលនេះ Man UTD ក្រោមការដឹកនាំរបស់លោក Erik ten Hag បានបង្ហាញទម្រង់លេងដ៏ល្អរបស់ពួកគេឡើងវិញ និងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ នៃតារាង Premier League។
Man UTD ក៏កំពុងតែសម្លឹងឱកាសឈ្នះពានរង្វាន់លើកដំបូងរបស់ខ្លួន ដោយបានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup ដោយត្រូវប្រកួតទល់ Newcastle នាថ្ងៃទី២៦ កុម្ភៈ។
ដោយឡែក ក្រុមនារី Man UTD ដែលទើបបង្កើតឡើងនៅឆ្នាំ ២០១៨ កំពុងក្លាយជាក្រុមស្ថិតនៅកំពូលតារាងនៃក្របខណ្ឌលីគបាល់ទាត់នារី Women’s Super League។
មើលឃើញពីភាពរីកចំរើនឡើងវិញបែបនេះ ក្រុមអ្នកគាំទ្រ បានជំរុញដល់ម្ចាស់ក្លិបថ្មីរូបណាក៏ដោយ ត្រូវតែបន្តគាំទ្រគម្រោងដែលកំពុងដំណើរការនៃក្រុមនៅលើទីលានប្រកួតទាំងក្រុមបុរស និងក្រុមនារី។
មកដល់ពេលនេះ មានបេក្ខភាពជាច្រើនបានដាក់ដេញថ្លៃក្លិប Man UTD មានដូចជា មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliff, កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតាលោក Sheikh Jassim Bin Hamad Al Thani និង ក្រុមហ៊ុនវិនិយោគអាមេរិក Elliott ផងដែរ៕