×

Real Madrid ត្រៀមរួចរាល់ក្នុងការនាំយកខ្សែប្រយុទ្ធ Joao Felix

ក្លិប Real Madrid បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រជែងយកខ្សែប្រយុទ្ធ Joao Felix នៅរដូវក្ដៅខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន The Sun ។

Joao Felix បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លិប Chelsea ពីក្លិប Atletico Madrid ប៉ុន្តែមិនមានជម្រើសក្នុងការទិញផ្ដាច់នៅក្នុងកិច្ចព្រមព្រៀងជាមួយក្លិបនៃក្របខណ្ឌ Premier League នោះទេ។ Real Madrid ត្រៀមខ្លួនជាស្រេចក្នុងការប្រជែងយក Felix ដែលនឹងចាកចេញពី Chelsea នៅចុងបញ្ចប់រដូវកាល២០២២-២៣នេះ។

ប្រភពដដែលបានឱ្យដឹងថា Real Madrid កំពុងស្វែងរកកីឡាករមកជំនួសកន្លែងយូរអង្វែងរបស់ខ្សែប្រយុទ្ធបារាំង Karim Benzema ដោយបានកំណត់ Felix ជាគោលដៅឈានមុខគេ។

ប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានដឹងថា ពិតជាចាប់អារម្មណ៍ចង់បាន Felix ហើយគេជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត ដែលលោកពេញចិត្តបំផុត។

អនាគតរបស់ Joao Felix នៅ Atletico Madrid ពឹងផ្អែកលើជោគវាសនារបស់គ្រូបង្វឹកលោក Diego Simeone។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ និងមានទំនាក់ទំនងល្អក់កករជាមួយ Felix មុនពេលផ្ទេរខ្ចីជើងទៅកាន់ Chelsea។ ដូច្នេះប្រសិនបើលោក Simeone ត្រូវបណ្ដេញចេញ នោះ Felix អាចនឹងវិលត្រឡប់ទៅកាន់ក្លិប Atletico Madrid វិញ។

សូមបញ្ជាក់ថា Joao Felix បានចូលរួមជាមួយ Atletico Madrid ពី Benfica ក្នុងឆ្នាំ២០១៩ តម្លៃ ១២៦លានអឺរ៉ូ ដែលធ្វើឱ្យគេ ក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករថ្លៃបំផុតគ្រប់ពេលវេលានៅក្នុងពិភពបាល់ទាត់។
Felix ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣១ ដង សម្រាប់ Atletico Madrid ដោយជួយក្លិបឈ្នះជើងឯក La Liga រដូវកាល ២០២២-២១ ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង