×

Ancelotti ថាលោកមិនបារម្ភនៅពេលLiverpoolនាំមុខដោយសារធ្លាប់មានប្រវត្តិជាមួយCity

ក្រុម Real Madrid បានបង្ហាញថាពួកគេពិតជាសក្តិសមនឹងជាស្ដេចនៃទ្វីបអឺរ៉ុប បន្ទាប់ពីពួកគេបានយកឈ្នះ Liverpool ដោយលទ្ធផល ៥-២ នៅកីឡដ្ឋាន Anfield ក្នុងការប្រកួតជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ។

ថ្វីត្បិតតែរបូតគ្រាប់បាល់ពីរគ្រាប់នៅក្នុងរយៈពេល១៤នាទីដំបូងក៏ដោយ ក៏ក្រុមរបស់លោក Carlo Ancelotti បានវាយបកត្រលប់មកវិញដើម្បីផ្តួលក្រុមម្ចាស់ផ្ទះហង្សក្រហម ដើម្បីជាទុនសម្រាប់ការប្រកួតជើងទីពីរ នៅក្នុងដីរបស់ Real Madrid ។

Madrid ដែលបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាលើកទី១៤ កាលពីរដូវកាលមុនដោយបានយកឈ្នះក្រុមរបស់លោក Jurgen Klopp ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស ធ្លាប់មានប្រវត្តិក្នុងការវាយបកទៅលើ Paris Saint-Germain, Chelsea និង Manchester City បន្ទាប់ពីត្រូវបាននាំមុខរួចមកហើយ។

លោក Ancelotti បាននិយាយថា គាត់មិនបានព្រួយបារម្ភទេ បើទោះបីជា Liverpool បាននាំមុខ Real Madrid មុនតាមរយៈខ្សែប្រយុទ្ធ Darwin Nunez និង Mohamed Salah ក៏ដោយ។

លោក Ancelotti បាននិយាយក្រោយចប់ការប្រកួតថា៖ “ខ្ញុំបាននឹកឃើញដល់ការជួបជាមួយ Manchester City ហើយសង្ឃឹមថារឿងដដែលនឹងអាចកើតឡើង ហើយវាបានកើតឡើងពិតមែន និងប្រសើរជាងមុនទៀត”។

អ្នកចាត់ការ Real Madrid បានរំឭកកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន នៅពេលដែលកូនក្រុមរបស់គាត់ វាយបកយកឈ្នះក្រុមរបស់លោក Pep Guardiola នៅជើងទីពីរ បន្ទាប់ពីជើងទីមួយពួកគេបានចាញ់២គ្រាប់។”

សូមជម្រាបថា គ្រាប់បាល់របស់ Real Madrid ទាំង៥គ្រាប់ ធ្វើបានដោយ Vinicius Junior ២គ្រាប់, Militao ១គ្រាប់ និង Karim Benzema ចំនួន២គ្រាប់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង