×

គ្រូ Inter Milan ព្រមានកីឡាករខ្លួនកុំអោយមានភាពធ្វេសប្រហែសពេលប៉ះ Porto យប់នេះ

គ្រូបង្វឹក Inter Milan លោក Simone Inzaghi បានធ្វើការព្រមានកីឡាកររបស់ខ្លួនកុំឱ្យមានការមើលស្រាល ឬ ធ្វេសប្រហែស ក្នុងការប្រកួតទល់នឹងក្រុម FC Porto នាយប់នេះ។

ក្រុម Inter Milan នឹងត្រូវបើកទ្វារកីឡដ្ឋាន San Siro ដើម្បីស្វាគមន៍ក្រុម FC Porto នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។

Inter Milan បច្ចុប្បន្នកំពុងមានភាពល្អប្រសើរនៅក្នុងការប្រកួតក្របខណ្ឌ Serie A ដោយ៥ប្រកួតចុងក្រោយពួកគេឈ្នះ៣ ចាញ់១ ស្មើ១ និងកំពុងឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងពិន្ទុ តែតិចជាងក្រុមកំពូលតារាង Napoli ដល់ទៅ១៥ពិន្ទុ។

នេះជាលទ្ធផលដែល Inter Milan មានការពេញចិត្តយ៉ាងខ្លាំង ហើយវាបានបង្កើនទំនុកចិត្តរបស់ពួកគេ សម្រាប់ការប្រកួតទល់នឹង FC Porto ផងដែរ។ យ៉ាងណា គ្រូបង្វឹក លោក Simone Inzaghi បានអះអាងថា ការប្រកួតទល់នឹង Porto ជាការប្រកួតដ៏ពិបាកមួយ ព្រោះក្រុមមកពីព័រទុយហ្គាល់មួយនេះ កំពុងដឹកនាំដោយគ្រូបង្វឹក Sergio Conceicao ដែលជាមិត្តរួមក្រុមចាស់របស់លោក អំឡុងពេលអ្នកទាំង២លេងជាកីឡាករអោយក្រុម Lazio និងបានរួមចំណែកឈ្នះពានរង្វាន់ Italian Cup 2000។

ជុំវិញរឿងនេះ លោក Simone Inzaghi ថ្លែងថា៖ “FC Porto គឺជាគូប្រជែងដ៏ពិបាកមួយ អ៊ីចឹងយើងមិនអាចមើលស្រាល ឬធ្វេសប្រហែសក្នុងការប្រកួតនេះទេ។ ពួកគេកំពុងមានលទ្ធផលការប្រកួតដ៏ល្អដែរ ប៉ុន្តែសម្រាប់ពួកយើងគឺជាក្រុមដែលមានគុណភាព ហើយយើងរំពឹងថា នឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។”

ដោយឡែក Inter Milan នឹងមានវត្តមានខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Marcelo Brozovic ដែលពួកគេទាំងពីរនាក់កាន់តែបង្កើននូវភាពរឹងមាំក្នុងការប្រកួតនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង