សពរបស់នាយកផ្នែកកីឡារបស់ក្លិបបាល់ទាត់ Hatayspor លោក Taner Savut ត្រូវបានគេរកឃើញកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ពោលគឺ ជាងពីរសប្តាហ៍បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងចំនួនពីរលើក បានវាយប្រហារនៅក្នុងប្រទេសតួកគី និងស៊ីរី ដែលបណ្ដាលឱ្យមនុស្សជាង ៤៧០០០ នាក់បានស្លាប់។
លោក Savut ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនតាំងពីថ្ងៃទី៦ ខែកុម្ភៈ។ សពរបស់គាត់ត្រូវបានគេរកឃើញនៅជិតកន្លែងដែលរកឃើញសពរបស់កីឡាករហ្គាណា Christian Atsu មកពីក្លិបដូចគ្នា។
ក្រុម Hatayspor បានបញ្ជាក់ពីការស្លាប់របស់នាយកផ្នែកកីឡារបស់ខ្លួន ហើយក្លិបមួយចំនួន រួមទាំង Galatasaray និង Fenerbahce ក៏បានចេញសាររំលែកទុក្ខផងដែរ។
Savut បានជាប់នៅក្រោមគំនរបាក់បែកនៃអគារលំនៅឋានប្រណីតមួយ ក្បែរកីឡាករ Atsu នៅពេលរញ្ជួយដីលើកដំបូងកម្រិត ៧,៨ រ៉ិចទ័រ៕