គ្រូបង្វឹក Man City លោក Pep Guardiola បានឱ្យដឹងថា កីឡាករ២រូបរបស់ខ្លួនគឺ Kevin De Bruyne និង ខ្សែការពារ Aymeric Laporte អាចនឹងខកខានធ្វើដំណើរទៅអាល្លឺម៉ង់ សម្រាប់ការប្រកួតទល់នឹង RB Leipzig ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដោយសារមានជំងឺ។
កីឡាករទាំង២រូបបានមានវត្តមានក្នុងការប្រកួតដែល Man City បញ្ចប់ការប្រកួតក្នុងក្របខណ្ឌ Premier League ដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹង Nottingham Forest។
យ៉ាងណា ពួកគេមិនបានមកហ្វឹកហាត់កាលពីថ្ងៃអង្គារ ដែលជាការត្រៀមសម្រាប់ការប្រកួតទល់នឹងក្រុម Leipzig នោះទេ។
ទាំង Kevin De Bruyne និង Aymeric Laporte ត្រូវបានរាយការណ៍ថា បានឆ្លងជំងឺដែលមិនទាន់បញ្ជាក់ប្រភេទច្បាស់លាស់។ យ៉ាងណា បញ្ហានេះធ្វើឱ្យកីឡាករទាំង២រូប មានភាពស្រពិចស្រពិលពីការចូលរួមការប្រកួតទាំងនៅ Champions League នាយប់នេះ និង ការប្រកួត Premier League ទល់នឹង Bournemouth នៅចុងសប្តាហ៍នេះផងដែរ។
ទាក់ទិនរឿងនេះ លោក Pep Guardiola បានថ្លែងថា៖ “សំណាងអាក្រក់មែន De Bruyne មិនមានស្ថានភាពល្អទេ ក្រោយចប់ការប្រកួតទល់នឹង Nottingham Forest ហើយ Laporte ក៏ដូចគ្នាដែរ។ រឿងអ៊ីចឹងវាអាចកើតឡើងយូរៗម្តង តែកីឡាករដទៃទៀតនៅតែអាចប្រកួតបានដូចធម្មតា។”
ដោយឡែក ក្រៅពី Kevin De Bruyne និង Aymeric Laporte ហើយ ខ្សែការពារ John Stones ក៏ខកខានការប្រកួតផងដែរ ដោយរូបគេកំពុងស្ថិតក្នុងដំណាក់កាលជាសះស្បើយពីរបួសភ្លៅ តែកីឡាករចំណូលថ្មីដែលផ្ទេរចូលកាលពីខែមករា Maximo Perrone នឹងអាចធ្វើដំណើរជាមួយ Man City ទៅកាន់ទឹកដីរបស់ RB Leipzig បាន៕