លោក Carlo Ancelotti បានធ្វើការកោតសរសើរខ្សែប្រយុទ្ធ Vinicius Junior បន្ទាប់ពីចប់ការប្រកួត ដែល Real Madrid យកឈ្នះ Liverpool កាលពីយប់មិញ។
ការប្រកួតនាទីលាន Anfield ដែលជាជំនួបជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ក្រុម Real Madrid បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Liverpool ដោយលទ្ធផល ៥-២។
ជាការពិត ក្រុម Liverpool បាននាំមុខ២គ្រាប់មុនទៅហើយ ដែលជាការរកគ្រាប់បាល់បានដោយ Darwin Núñez ក្នុងនាទី៤ និង Mohamed Salah នៅនាទី១៤។ ប៉ុន្តែ Vinicius Junior បានតាមសងស្មើអោយ Real Madrid ដោយការស៊ុតបញ្ចូលទីក្នុងនាទី ២១ និង នាទី៣៦មុនចប់វគ្គទី១។
នៅក្នុងវគ្គទី២ ក្រុម Real Madrid បន្តធ្វើបានល្អដោយការរកគ្រាប់បាល់៣គ្រាប់បន្ថែមទៀតពីសំណាញ់ទីរបស់គូប្រជែង ដែលធ្វើបានដោយ Éder Militão ក្នុងនាទី៤៧ និង Karim Benzema ធ្វើបានក្នុងនាទី ៥៥ និង នាទី៦៧ បញ្ចប់ការប្រកួតដោយជ័យជំនះទាំងស្រុង។
ជុំវិញការបង្ហាញទម្រង់លេងយ៉ាងល្អរបស់ Vinicius Junior លោក Carlo Ancelotti បានឱ្យដឹងបែបនេះថា៖ “ Vinicius បានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យមែនទែន ដោយគេបានរួមចំណែករកបាន ២គ្រាប់ និង បញ្ជូនមួយគ្រាប់ដែលជាការផ្តល់ឱកាសយ៉ាងច្រើនដល់ក្រុមរបស់យើង។គេជាកីឡាករដែលពូកែសម្រេចចិត្តលឿនៗល្អជាងគេនៅលើលោក។ គ្មានអ្នកណាអាចធ្វើបានដូចគេទេ។ គេពិតជាអស្ចារ្យខ្លាំងណាស់។”
ដោយឡែក ក្រុមទាំង២នៅបន្តជួបគ្នា ក្នុងការប្រកួតជើងទី២ទៀត ដែលនឹងធ្វើឡើងនាទីលាន Santiago Bernabéu របស់ក្រុម Real Madrid វិញម្តង នៅថ្ងៃទី១៥ ខែមីនា ខាងមុខ៕