×

Liverpool និង Everton រងការពិន័យបន្ទាប់ពីការប៉ះទង្គិចគ្នាក្នុងការប្រកួត

ក្លិប Liverpool និង Everton ត្រូវបានពិន័យដោយសមាគមបាល់ទាត់អង់គ្លេស បន្ទាប់ពី ការប្រឈមមុខដាក់គ្នាក្នុងអំឡុងពេលការប្រកួត Merseyside Derby រវាងក្រុមទាំងពីរ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅនាទីទី៨៦ នៃជ័យជម្នះ ២-០ របស់ក្រុមហង្សក្រហម Liverpool លើក្រុមស្ករគ្រាប់ Everton ក្នុងការប្រកួតនៃក្របខណ្ឌ Premier League នៅកីឡដ្ឋាន Anfield ។

សមាគមបាល់ទាត់អង់គ្លេសបាននិយាយថាក្លិបទាំងពីរមិនបានគ្រប់គ្រងកីឡាកររបស់ពួកគេ ដែលបានបញ្ចេញអាកប្បកិរិយាដែលបង្កឱ្យបាត់បង់របៀបរៀបរយ និងបង្កជម្លោះ។

ជុំវិញបញ្ហានេះសមាគមបាល់ទាត់អង់គ្លេស បានសម្រេចពិន័យ Evertonចំនួន ៤ម៉ឺនផោន និង Liverpool ចំនួន ២៥០០០ផោន។ មូលហេតុដែល Everton ត្រូវទទួលការពិន័យធ្ងន់ជាង បន្ទាប់ពីមានការចោទប្រកាន់មួយទៀត ក្នុងអំឡុងពេលប្រកួតក្នុងដីរបស់ពួកគេទល់នឹង Crystal Palace កាលពីដើមរដូវកាលនេះ។

កីឡាករមកពីភាគីទាំងសងខាង រួមទាំងកីឡាករបម្រុងមួយចំនួន បានចូលរួមនៅក្នុងឧប្បត្តិហេតុនេះ។ ការប៉ះទង្គិចគ្នាបង្កឡើង ដោយសារការខ្វែងគំនិតគ្នារវាង Andrew Robertson របស់ Liverpool និងអ្នកចាំទី Jordan Pickford របស់ Everton ដោយកីឡាករទាំងពីរ ទទួលបានកាតលឿង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង