កាលពីពេលថ្មីៗនេះក្លិប Al Nassr បានអញ្ជើញខ្សែប្រយុទ្ធ Cristiano Ronaldo ចូលរួមអបអរសាទរកម្មវិធីបុណ្យជាតិឈប់សម្រាកជាលើកទី២របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
នៅក្នុងកម្មវិធីនោះ គេបានឃើញម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យ ជាមួយនិងគូស្នេហ៍បានស្លៀកពាក់ឈុតប្រពៃណីអារ៉ាប់ ដោយមានកាន់ដាវបុរាណក្នុងដៃបង្ហាញទឹកមុខយ៉ាងរីករាយផងដែរ។ វីដេអូរូបភាពទាំងនោះក៏ត្រូវបានប្រពន្ធ័ផ្សព្វផ្សាយធំៗ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានយកបង្ហោះចែកចាយព្រោងព្រាត។
ដោយឡែក កម្មវិធីបុណ្យឈប់សម្រាកនេះគឺដើម្បីរលឹកដល់ព្រះអង្គម្ចាស់ Mohammed bin Saud ដែលទ្រង់ជាអ្នកបង្កើតរដ្ឋអារ៉ាប៊ីសាអ៊ូឌីត និងរាជវង្សអារ៉ាប់ដំបូងតាំងពីឆ្នាំ១៧២៧មកម៉្លេះ។
កម្មវិធីបុណ្យជាតិនេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២២ខែកុម្ភៈ ដោយមានការសម្តែងសិល្បៈ វប្បធម៌ ប្រពៃណីជាតិនៅទូទាំងប្រទេស ដែលកម្មវិធីទាំងនេះក៏មានសម្តែងនៅលើកីឡដ្ឋាន Mrsool Park របស់ក្លិប Al Nassr ផងដែរ។
គួររំលឹកថា Cristiano Ronaldo បានផ្លាស់ទៅក្លិប Al Nassr កាលពីខែមករា។ រូបគេរកបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន៤ប្រកួត ខណៈដែល Al Nassr បច្ចុប្បន្នកំពុងឈលើកំពូលតារាងក្នុងលីគកំពូល៕