គ្រូបង្វឹក Barcelona លោក Xavi Hernandez បានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធ Marcus Rashford របស់ Man UTD មុនពេលពួកគេត្រូវជួបគ្នានៅជើងទី ២ នៃពានរង្វាន់ UEFA Europa League យប់នេះ។
Marcus Rashford បច្ចុប្បន្ន អាចស៊ុតបញ្ចូលទី២៤គ្រាប់គ្រប់កម្មវិធី គិតត្រឹមព្រឹត្ដិការណ៍ World Cup បានបញ្ចប់។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ អាចស៊ុតបានដល់ទៅ ១៦គ្រាប់ ក្នុង១៧ប្រកួត អោយ Man UTD ដែលជាកំណត់ត្រាច្រើនជាងកីឡាករណាៗទាំងអស់នៅលីគអឺរ៉ុបធំៗ ទាំង៥។ Rashford ក៏ជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតស្មើគ្នារវាងក្រុមទាំង២ កាលពីជើងទី១ផងដែរ។ ការធ្វើបានល្អបែបនេះហើយ ធ្វើអោយ លោក Xavi មានការកោតសរសើរ និងព្រមានឱ្យកូនក្រុមខ្លួនត្រូវតែតាមឃ្លាំមើល រូបគេឱ្យជាប់។
ថ្លែងមុនការប្រកួតចូលមកដល់ លោក Xavi បាននិយាយយ៉ាងដូច្នេះថា៖ “Marcus Rashford ជាកីឡាករដ៏ពិសេសម្នាក់។ ក្នុងទម្រង់លេងដ៏អស្ចារ្យ គេមានសមត្ថភាពក្នុងការរកគ្រាប់បាល់។ គេគឺជាអ្នកធ្វើឱ្យទម្រង់លេង Man UTD មានការប្រែប្រួល ប៉ុន្តែយើងនឹងព្យាយាមធ្វើយ៉ាងណា ដើម្បីការពារឱ្យបាន និងបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកយើង។ ប៉ុន្តែ Rashford ជាកីឡាករដែលយើងត្រូវការតាមឃ្លាំមើលឱ្យជាប់។”
សូមបញ្ជាក់ថា កាលពីជំនួបជើងទី ១ កន្លងទៅ ក្រុមទាំង ២ បានស្មើគ្នា ២-២ នៅទឹកដី Camp Nouហើយពួកគេនឹងត្រូវជួបគ្នាម្តងទៀត ដើម្បីកាត់សេចក្តីស្វែងរកក្រុមណាដែលអាចឡើងទៅកាន់វគ្គបន្ត៕