Sergio Ramos ដែលធ្លាប់ជួយអេស្ប៉ាញឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១០ បានប្រកាសថាគាត់បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញទាំងពុំសប្បាយចិត្ត បន្ទាប់ពីទទួលដំណឹងថាគាត់នឹងមិនត្រូវបានជ្រើសរើសដោយគ្រូបង្វឹកថ្មីពោលគឺលោក Luis de la Fuente ឡើយ។
ខ្សែការពាររបស់ក្លិប Paris St-Germain វ័យ ៣៦ ឆ្នាំគឺជាកីឡាករដែលលេងបានច្រើនជាងគេបំផុតរបស់អេស្ប៉ាញ ជាមួយនឹងការបង្ហាញខ្លួន ១៨០ ដង។ គាត់មិនបានលេងឱ្យអេស្ប៉ាញតាំងពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីអតីតគ្រូបង្វឹក Luis Enrique មិនបានជ្រើសរើសគាត់។
Ramos បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា៖ “ពេលវេលាបានមកដល់ហើយ” ។ ដល់ពេលវេលាដើម្បីនិយាយពាក្យថាលាចំពោះក្រុមជម្រើសជាតិរបស់យើងហើយ។”
“វាជាផ្លូវទាល់ ដោយសារខ្ញុំមិនចង់ចាកចេញឡើយ ហើយចង់ចូលនិវត្តន៍នៅពេលដែលប្រសើរជាងនេះ ជាមួយនឹងភាពជោគជ័យទាំងអស់ដែលពួកយើងសម្រេចបានជាមួយអេស្ប៉ាញ”។
Ramos បាននិយាយថាគាត់បានសម្រេចចិត្តបែបនេះ បន្ទាប់ពីបានខលជាមួយលោក De la Fuente ។ Ramos បាននិយាយថា៖ “ព្រឹកនេះខ្ញុំបានទទួលការខលពីគ្រូបង្វឹកដែលបានប្រាប់ខ្ញុំថា គាត់នឹងមិនជ្រើសរើសខ្ញុំនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ”។
គួរបញ្ជាក់ថា Ramos បានបង្ហាញខ្លួននៅក្រុមជម្រើសជាតិរបស់គាត់ជាលើកដំបូង ក្នុងវ័យ ១៨ ឆ្នាំ កាលពីឆ្នាំ២០០៥។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះបន្តថា៖ “ខ្ញុំកោតសរសើរ និងច្រណែននឹង [Luka] Modric, [Lionel] Messi, Pepe ដែលពួកគាត់ត្រូវបានផ្ដល់តម្លៃ និងយុត្តិធម៌ក្នុងបាល់ទាត់។ ជាអកុសល វានឹងមិនកើតឡើងចំពោះខ្ញុំទេ ព្រោះកីឡាបាល់ទាត់មិនមានភាពយុត្តិធម៌រហូតទេ ហើយកីឡាបាល់ទាត់ មានរឿងផ្សេងទៀតនៅពីក្រោយ”៕