Man UTD បានធ្វើការវាយបកយកឈ្នះ Barcelona ដោយលទ្ធផល ២-១ ក្នុងការប្រកួតជើងទី២ វគ្គ Play-Offs ពានរង្វាន់ UEFA Europa League។
ការប្រកួតលើទីលាន Old Trafford នេះ ក្រុមភ្ញៀវ Barcelona បាននាំមុខមុនក្នុងវគ្គទី១ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រពី Robert Lewandowski នៅនាទី១៨ ក្រោយពីការបង្កកំហុសឆ្គងរបស់ Bruno Fernandes ទៅលើ Alex Balde។
យ៉ាងណាក៏ដោយ ចូលដល់នាទី៤៧នៃវគ្គទី២ Fred បានស៊ុតតាមស្មើអោយក្រុមម្ចាស់ផ្ទះ Man UTD វិញ ហើយនាទី ៧៣ Antony បានបន្ថែម១គ្រាប់ទៀតធ្វើឱ្យក្រុមបិសាចក្រហមនាំមុខក្រុមអ្នកមានបុណ្យវិញម្តង ដោយលទ្ធផល ២-១ បានរក្សាដល់ចប់ការប្រកួត។
កាលពីជើងទី១ក្រុមទាំង២ស្មើគ្នា ២-២ ហើយបូករួមលទ្ធផលនៅជើងទី២នេះគឺ Man UTD ឈ្នះ Barcelona ៤-៣ ។ ដូច្នេះ Man UTD ជាក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
វាមិនមែនជាលើកទី១របស់ Man UTD ក្រោមការដឹកនាំរបស់លោក Eric ten Hag នៅរដូវកាលនេះ ដែលអាចធ្វើការវាយបកយកឈ្នះគូប្រកួតក្នុងទឹកដីខ្លួនឯងបានសម្រេច ដោយកាលពីខែមុនពួកគេក៏អាចធ្វើការវាយបកយ៉ាងគួរភ្ញាក់ផ្អើល ដើម្បីយកឈ្នះក្រុមការពារជើងឯក Man City ដោយលទ្ធផល ២-១ ក្នុងក្របខណ្ឌ Premier League បានផងដែរ។
ជាមួយនឹងការធ្វើបានល្អបែបនេះ លោក Eric ten Hag បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ដោយថា ក្រុមរបស់លោកកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវដើម្បីប្រជែងយកពានរង្វាន់ជាលើកដំបូងក្រោយពីខកខានតាំងពីឆ្នាំ២០១៧មក។
គ្រូបង្វឹកជនជាតិហុល្លង់ បានឱ្យដឹងថា៖ “នេះជារឿងអស្ចារ្យដែលពួកយើងអាចយកឈ្នះក្រុមជើងខ្លាំងដូចជា Barcelona។ យើងអាចមើលឃើញថា ក្រុមរបស់យើង មានកីឡាករដែលមានសមត្ថភាពខ្ពស់ៗនិងលេងជាក្រុមដ៏ល្អ។ ពេលនេះយើងនឹងអាចយកឈ្នះគ្រប់គូប្រកួតទាំងអស់ ហើយយើងនឹងកាន់តែប្រឹងប្រែង ដើម្បីស្វែងរកការឈ្នះពានរង្វាន់របស់យើង។”
ដោយឡែក សម្រាប់ការផ្គូផ្គងវគ្គ១៦ក្រុមចុងក្រោយ រង្វាន់ UEFA Europa League នឹងធ្វើឡើងនៅថ្ងៃសុក្រនេះ ខណៈកាលបរិច្ឆេទនៃការប្រកួតវិញគឺ ជើងទី១ ធ្វើឡើងនាថ្ងៃទី៩ ខែមីនា ហើយ ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែមីនាខាងមុខ៕