Arsenal នឹងធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Leicester City នៅកីឡដ្ឋាន King Power ដើម្បីស្វែងរក៣ពិន្ទុក្នុងការពង្រឹងតំណែងកំពូលតារាង Premier League របស់ខ្លួន ខណៈការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង១០:០០នាទីយប់នេះតទៅ។
ក្រុមកាំភ្លើងធំ Arsenal ដណ្ដើមយកជ័យជម្នះពី Aston Villa កាលពីប្រកួតមុននៅចុងម៉ោង ខណៈ Manchester City បានស្មើជាមួយ Nottingham Forest ដែលបានធ្វើឱ្យកូនក្រុមរបស់លោក Mikel Arteta បានឡើងឈរនៅលើកំពូលតារាង Premier League សាជាថ្មី។
ទោះជាយ៉ាងណា Leicester ជាក្រុមដែលរកបានគ្រាប់បាល់ជាច្រើនក្នុងប៉ុន្មានប្រកួតកន្លងទៅ ទោះបីជាពួកគេបរាជ័យក្នុងការបញ្ចប់ទីនៅពេលរងបរាជ័យក្រោមថ្វីជើងរបស់ Manchester United ដោយលទ្ធផល ៣-០ កាលពីប្រកួតចុងក្រោយក៏ដោយ។
Leicester នឹងមិនមានកីឡាករ៣នាក់ប៉ុណ្ណោះ ពោលគឺ Ryan Bertrand, James Justin និង Jonny Evans សម្រាប់ការទទួលក្រុមភ្ញៀវបិសាចក្រហម។ Youri Tielemans ត្រូវបានប្ដូរចូលពីកៅអីអង្គុយទល់នឹង Manchester United ហើយទំនងជាអាចលេងជាជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតយប់នេះ។
Jorginho បានត្រៀមខ្លួនដើម្បីជំនួសកន្លែងរបស់ Thomas Partey ដែលមិនទាន់ត្រលប់មកហ្វឹកហាត់វិញជាមួយ Arsenal ។ Gabriel Jesus និង Mohamed Elneny នៅតែអវត្តមានរយៈពេលយូរ។
ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ គឺ Arsenal បានយកឈ្នះ ៤ដង និងចាញ់១ដង។ ប្រកួតចុងក្រោយ បញ្ចប់ដោយលទ្ធផល Arsenal ៤ Leicester ២ នៅកីឡដ្ឋាន Emirates ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Leicester ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Ward; Castagne, Souttar, Faes, Kristiansen; Mendy, Tielemans; Tete, Maddison, Barnes; Iheanacho
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ramsdale; White, Saliba, Gabriel, Zinchenko; Jorginho, Xhaka, Odegaard; Saka, Nketiah, Martinelli
CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Leicester ១-២ Arsenal ៕