×

អ្នកគាំទ្រChelsea រាប់ម៉ឺននាក់សម្ដែងការមិនពេញចិត្ត ចង់ឱ្យក្លិបបញ្ចប់តំណែងរបស់លោកGraham Potter

អ្នកគាំទ្រ Chelsea រាប់ម៉ឺននាក់ បានធ្វើញត្តិមួយ ដើម្បីដាក់ជូនប្រធានក្លិប Chelsea ដើម្បីស្នើឱ្យក្លិបធ្វើការបញ្ចប់តួនាទីរបស់លោក Graham Potter បន្ទាប់ពីក្រុមតោខៀវ បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម Tottenham Hotspur ដោយលទ្ធផល ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។

ញត្តិរបស់អ្នកគាំទ្រក្រុម Chelsea បានទទួលការចុះហត្ថលេខាជាង ២ម៉ឺននាក់ ខណៈពួកគេបានបង្ហាញការខឹងសម្បារចំពោះទម្រង់លេងរបស់ក្រុមតោខៀវ នាពេលថ្មីៗនេះ។ ចាប់តាំងពីខែវិច្ឆិកាមកទល់បច្ចុប្បន្ន ក្រុមតោខៀវបានឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ ប្រកួត។

វាមិនមែនគ្រាន់តែលទ្ធផលប៉ុណ្ណោះទេដែលនាំឱ្យមានការមិនពេញចិត្ត ក្រុម Chelsea ក៏កំពុងខ្សត់គ្រាប់បាល់ថែមទៀតផងដោយពួកគេរកបានតែ ៦ គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតទាំងនោះ។ ក្តីសង្ឃឹមក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤នៅក្របខណ្ឌ Premier League របស់ពួកគេ បានរសាត់អណ្ដែតកាន់តែឆ្ងាយផងដែរ។

អ្នកគាំទ្រ Chelsea ក៏បានបង្ហាញការមិនពេញចិត្តរបស់ពួកគេអំឡុងការប្រកួតផងដែរ ដោយបានធ្វើសំឡេង Boo ចំពោះលោក Potter និងក្រុមរបស់គាត់បន្ទាប់ពីការបរាជ័យក្រោមស្នាដៃក្រុមបាតតារាង Southampton កាលពីសប្តាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង