គ្រូបង្វឹក Chelsea លោក Graham Potter និងក្រុមគ្រួសារបានទទួលការគំរាមសម្លាប់ពីជនអនាមិក ក្រោយដឹកនាំក្រុមទទួលលទ្ធផលមិនល្អក្នុងការប្រកួត Premier League។
Chelsea ទើបតែចាញ់ Tottenham Hotspur ដោយលទ្ធផល ២-០ និងកំពុងឈរនៅលេខរៀងទី១០ ដោយឈ្នះ ២ លើក ពីការប្រកួត១៥លើកចុងក្រោយនិងរកគ្រាប់បញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះនៅដើមឆ្នាំ២០២៣ នេះ។
Chelsea ធ្វើមិនបានល្អទេ ក្រោមការដឹកនាំរបស់លោក Potter ទោះម្ចាស់ក្លិបថ្មី បញ្ចេញខ្ទង់ចំណាយយ៉ាងច្រើន ដើម្បីទិញចូលកីឡាករទៅពង្រឹងក្រុម។ ដឹកនាំមិនល្អ មិនត្រឹមទទួលសម្ពាពពីក្លិបប៉ុណ្ណោះទេ អ្នកចាត់ការសញ្ជាតិអង់គ្លេសថែមទាំងត្រូវទទួលការគំរាមសម្លាប់ទៀតផង។
លោក Graham Potter បានអះអាងថា៖ “ខ្ញុំទទួលបានសារមិនល្អមួយចំនួនដែលជនអនាមិកបង្ហាញចេតនាចង់ឱ្យខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំស្លាប់ផងដែរ។”
បុរសវ័យ៤៧ឆ្នាំ បន្ថែមថានៅពេលអ្នកឈានឡើងកាន់តែខ្ពស់ សម្ពាធអ្នកកើនកាន់តែច្រើនពីគ្រប់ទិសទី។ យ៉ាងណាលោក Potter នៅតែបង្ហាញថាខ្លួននៅតែចង់ជោគជ័យជាមួយ Chelsea និងប្រឹងប្រែងកែសម្រួលក្រុមអោយប្រសើរឡើងវិញ។
ចាប់តាំងពីលោក Potter ចូលកាន់តំណែងក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលត្រូវជំនួសលោក Thomas Tuchel ក្រោយត្រូវបញ្ចប់តំណែងមក Chelsea ឈ្នះ ៩ប្រកួត ក្នុងចំណោម ២៥ ប្រកួតរបស់ពួកគេ៕