កីឡាករអាស៊ី Kyogo Furuhashi បានស៊ុតបញ្ចូលទីបានពីរគ្រាប់ដើម្បីជួយឱ្យក្រុម Celtic យកឈ្នះទៅលើគូប្រជែងដ៏ធំក្នុងប្រទេសស្កុតឡែន ពោលគឺ Rangers នៅវគ្គផ្ដាច់ព្រ័ត្រ Viaplay Cup ឬ League Cup ។
ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kyogo Furuhashi បានស៊ុតបញ្ចូលទីសរុបចំនួន ២៤គ្រាប់ហើយ ក្នុងរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ពីរបន្ថែមទៀតក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Rangers និង Celtic ។
កីឡាករ Alfredo Morelos បានរកមួយគ្រាប់ត្រឡប់មកវិញសម្រាប់ Rangers ប៉ុន្តែពួកគេមិនអាចស្វែងរកគ្រាប់បាល់តាមស្មើបានឡើយ។ នេះជាការឈ្នះពានរង្វាន់ League Cup ជាលើកទី៧ ក្នុងរយៈពេល ៩ ឆ្នាំសម្រាប់ Celtic។ សម្រាប់ Rangers ពួកគេមិនបានឈ្នះពានរង្វាន់នេះ ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ។
Celtic បច្ចុប្បន្ន ក៏កំពុងនាំមុខ ៩ពិន្ទុក្នុងក្របខណ្ឌលីគកំពូលរបស់ស្កុតឡែន Premiership ដោយរងបរាជ័យតែមួយប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ៕