ខ្សែប្រយុទ្ធ Ivan Toney របស់ក្លិប Brentford បានសារភាពពីការបំពានច្បាប់របស់សមាគមបាល់ទាត់អង់គ្លេស FA ដោយរូបគេទទួលស្គាល់ថា បានពាក់ព័ន្ធជាមួយល្បែងភ្នាល់។
កីឡាករវ័យ២៦ឆ្នាំទំនងត្រូវបានហាមឃាត់មិនឱ្យលេងនៅពេលដែលរដូវកាល ២០២២-២៣ មិនទាន់បញ្ចប់។
វាក៏អាចរារាំងរូបគេមិនឱ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត ជម្រុះ UEFA Euro នាខែក្រោយផងដែរ។
នេះជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមអង់គ្លេស ដោយសារតែគ្រូបង្វឹកលោក Gareth Southgate កំពុងខ្វះជម្រើសបម្រុងសម្រាប់ Harry Kane ពេលដែល Callum Wilson និង Raheem Sterling របួសទាំង២នាក់ ឬមានគុណផលមិនល្អ។
កាលពីខែវិច្ឆិកា Ivan Toney ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់ភ្នាល់ចំនួន ២៣២ករណី ពី FA ចន្លោះឆ្នាំ ២០១៧-២១។ មួយខែក្រោយមក FA រកឃើញ៣០ករណីទៀត នៅចន្លោះឆ្នាំ២០១៧ និង ២០១៩ ដែលនាំឱ្យចំនួនចោទប្រកាន់កើនឡើងដល់ ២៦២ ករណី។
កន្លងទៅ ក៏មានកីឡាករនៅអង់គ្លេសដែលជាប់ទាក់ទិននឹងបញ្ហាដូចគ្នានេះដែរ នោះគឺ អតីតខ្សែបម្រើ Joey Barton របស់ក្លិប Burnley ដោយត្រូវបានហាមប្រាម រយៈពេល១៨ខែ បន្ទាប់ពីរូបគេ បានសារភាពទទួលស្គាល់ថាបានពាក់ព័ន្ធទៅនឹងការភ្នាល់ខុសច្បាប់ចំនួន ១២៦០ដង ចន្លោះឆ្នាំ ២០០៦ ដល់ ២០១៣។ យ៉ាងណា ក្រោយមករូបគេត្រូវបន្ធូរបន្ថយទណ្ឌកម្មមកត្រឹម១៣ខែវិញ៕