អតីតកំពូលកីឡាករបាល់ទាត់ខ្សែប្រយុទ្ធបារាំង លោក Just Fontaine ដែលកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេចំនួន ១៣គ្រាប់ នៅ World Cup ឆ្នាំ១៩៥៨ បានទទួលមរណភាពហើយក្នុងជន្មាយុ៨៩ឆ្នាំ។
លោក Fontaine បានស៊ុតបញ្ចូលទីចំនួន៣០គ្រាប់ ពីការបង្ហាញខ្លួន២១ដងឱ្យក្រុមបារាំងចន្លោះឆ្នាំ ១៩៥៣ ដល់ ១៩៦០។ នៅឆ្នាំ ១៩៥៨ លោកបានរួមចំណែកយ៉ាងធំក្នុងការជួយបារាំងឱ្យឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ដែលធ្វើឡើងនៅប្រទេសស៊ុយអែត ប៉ុន្តែកាលណោះបារាំង បានត្រឹមចំណា់ថ្នាក់លេខ៣ក្រោយឈ្នះអាល្លឺម៉ង់ខាងកើត៦-៣។
កីឡាករឆ្នើមដែលរកបាន ២៥៩ គ្រាប់ពីការបង្ហាញខ្លួន ២៨៣ ប្រកួតក្នុងអាជីពនោះ Fontaine គឺជាកីឡាករដ៏សំខាន់ម្នាក់របស់ក្រុម Stade de Reims ដោយបានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ European Cup ក្នុងឆ្នាំ ១៩៥៩។ Reims ដែលបានឈ្នះជើងឯកក្របខ័ណ្ឌកំពូលរបស់បារាំងចំនួន៣ដងដោយមានវត្តមានរបស់លោក Fontaine នោះ បានចាញ់ក្រុម Real Madrid ២-០។
មរណភាពរបស់លោក Just Fontaine បានធ្វើឱ្យមានការសោកស្តាយជាខ្លាំងក្នុងវិស័យបាល់ទាត់បារាំង ដោយក្នុងនោះ ក្លិបនានាដូចជាក្លិប Paris Saint-Germain ដែលលោកធ្លាប់ដឹកនាំជាគ្រូបង្វឹកកាលឆ្នាំ ១៩៧៣-៧៦ នឹងបានជួយក្លិបឡើងមកកាន់ក្របខណ្ឌ Ligue 1 ក៏បានបង្ហោះសាររំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់លោកដែរ៕