លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បាននិយាយថា កូនក្រុមរបស់គាត់បាត់បង់ការគ្រប់គ្រងស្ថានការណ៍ បន្ទាប់ពីរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើង Liverpool ដោយលទ្ធផល ៧-០ នៅកីឡដ្ឋាន Anfield ។
នេះគឺជាការបរាជ័យដ៏ធ្ងន់បំផុតរបស់ក្រុមបិសាចក្រហម ខណៈវាគឺជាជ័យជម្នះដ៏ធំបំផុតរបស់ Liverpool ទល់នឹងគូប្រជែងរបស់ពួកគេ។ ក្នុងការប្រកួតនេះ កូនក្រុមរបស់ Ten Hag ត្រូវបាននាំមុខដោយលទ្ធផល ១-០ នៅវគ្គទីមួយ មុនពេលកូនក្រុមរបស់លោករកគ្រាប់បាល់បន្ថែម ៦ គ្រាប់នៅក្នុងវគ្គទីពីរ។
ក្រោយចប់ការប្រកួត លោក Ten Hag បាននិយាយថា នៅវគ្គទីពីរ ក្រុមបិសាចក្រហមមិនបានលេងបាល់ជាក្រុមទេ ហើយលោកពិតជាមិនសប្បាយចិត្តចំពោះទម្រង់លេងរបស់កូនក្រុមរបស់គាត់ឡើយ។
អ្នកចាត់ការរូបនេះបន្តថា កូនក្រុមរបស់គាត់មិនបានធ្វើតាមអ្វីដែលគាត់បានប្រាប់ពួកគេឡើយ និងបាត់បង់ការគ្រប់គ្រងស្ថានការណ៍។
នេះជាការបរាជ័យ ៧-០ លើកដំបូងរបស់ United ចាប់តាំងពីពួកគេចាញ់ Wolves ក្នុងខែធ្នូ ឆ្នាំ១៩៣១ ដោយលទ្ធផលដូចគ្នា ខណៈក្រុមបិសាចក្រហមក៏ត្រូវបានផ្តួលដោយលទ្ធផលដូចគ្នាដោយ Aston Villa ក្នុងឆ្នាំ១៩៣០ និង Blackburn Rovers ក្នុងឆ្នាំ១៩២៦។
ការបរាជ័យនៅ Liverpool បានកើតឡើងមួយសប្តាហ៍បន្ទាប់ពីលោក Ten Hag បានឈ្នះពានរង្វាន់ដំបូងរបស់គាត់ជាមួយ United នៅពេលដែលពួកគេបានផ្ដួលក្រុមសារិកាព្រៃ Newcastle United ដើម្បីឈ្នះពានរង្វាន់ Carabao Cup ៕