លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid បានលើកឡើងពីក្តីបារម្ភ ជុំវិញភាពខ្សត់គ្រាប់បាល់របស់ក្រុមស្ដេចសរបស់គាត់ បន្ទាប់ពីពួកគេ បានបញ្ចប់ទៅដោយលទ្ធផលស្មើ ០-០ ជាមួយក្រុម Real Betis នៅក្របខណ្ឌ La Liga កាលពីថ្ងៃអាទិត្យ។
ចាប់តាំងពីយកឈ្នះ Liverpool ដោយលទ្ធផល ៥-២ ក្នុងជើងទីមួយ នៅវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតក្របខណ្ឌ Champions League ក្រុម Real Madrid រកបានតែមួយគ្រាប់គត់ ក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេនៅគ្រប់កម្មវិធីប្រកួតទាំងអស់។
Real Madrid មិនទាន់ទទួលបានជ័យជម្នះឡើយចាប់តាំងពីបានផ្តួលក្រុម Liverpool ដោយបានប្រកួតស្មើ ១-១ ជាមួយ Atletico Madrid នៅក្របខណ្ឌ La Liga និងចាញ់ក្រុម Barcelona ដោយលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey។
វាបានផ្ដល់ការលំបាកសម្រាប់ Real Madrid ក្នុងការប្រជែងពានរង្វាន់ក្របខណ្ឌ La Liga ជាមួយ Barcelona នៅពេលដែលក្រុមរបស់លោក Ancelotti តាមពីក្រោយគូប្រជែងរបស់ពួកគេរហូតដល់ទៅ ៩ ពិន្ទុ បន្ទាប់ពីលេងបាន២៤ប្រកួត។
សូមជម្រាបថា Real Madrid នឹងស្វាគមន៍ Espanyol សម្រាប់ការប្រកួតក្នុងលីគ នៅចុងសប្ដាហ៍នេះ មុនពេលដែលពួកគេត្រូវបើកទ្វារកីឡដ្ឋាន Santiago bernabéu ដើម្បីទទួលក្រុមហង្សក្រហម Liverpool ដែលទើបតែបំបាក់ Manchester United ដោយលទ្ធផល៧-០ នៅជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយ ក្របខណ្ឌ Champions League នៅថ្ងៃពុធសប្ដាហ៍ក្រោយ៕