×

ការប្រកួតពានMerlion Cupគឺជាការវាស់ស្ទង់សមត្ថភាពគូប្រជែងមុនស៊ីហ្គេម២០២៣នៅកម្ពុជា

ការចាប់ឆ្នោតបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ដោយក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំម៉ាឡេស៊ី ខណៈក្រុមម្ចាស់ផ្ទះសិង្ហបុរី នឹងជួបហុងកុង នៅក្នុងពានរង្វាន់ Merlion Cup 2023។

ការប្រកួតពានរង្វាន់ Merlion Cup នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមីនា បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំដោយសារវិបត្តិកូវីដ១៩។ វាគឺជាការវាស់ស្ទង់សមត្ថភាពរបស់គូប្រជែងដែលនឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភាខាងមុខនេះ។

ការប្រកួត Merlion Cup នឹងមានពីរដំណាក់កាល ដោយក្រុមទាំង៤ ត្រូវប្រកួតនៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣។ ក្រុមដែលចាញ់ពីដំណាក់កាលទី១ នឹងប្រកួតដណ្ដើមយកលេខ៣ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមដែលឈ្នះ នៅថ្ងៃទី២៦ ខែមីនា។ ការប្រកួតទាំង៤ នឹងត្រូវលេងនៅកីឡដ្ឋាន Jalan Besar ។

លោក Philippe Aw គ្រូបង្វឹករបស់ក្រុម U22 សិង្ហបុរី ដែលជាក្រុមការពារតំណែងជើងឯកកាលពីឆ្នាំ២០១៩ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការប្រកួត Merlion Cup នេះថា៖ “គូប្រជែងរបស់យើងនៅក្នុងការប្រកួត Merlion Cup នឹងបង្ហាញឱ្យយើងឃើញពីកម្រិតរបស់ពួកគេដែលយើងអាចរំពឹងទុកបានសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ”។

សម្រាប់ក្រុម U22 កម្ពុជា នេះគឺជាការចូលរួមក្នុងការប្រកួត Merlion Cup ជាលើកដំបូង ចាប់តាំងការបង្កើតឡើងក្នុងឆ្នាំ១៩៨២។ បច្ចុប្បន្ន កូនក្រុមរបស់អ្នកចាត់ការទូទៅ Keisuke Honda កំពុងហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតទល់នឹងម៉ាឡេស៊ី នៅឯប្រទេសសិង្ហបុរី ក៏ដូចជាការរៀបចំក្រុមដ៏ល្អមួយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង