ខ្សែប្រយុទ្ធ Neymar របស់ក្លិប Paris St-Germain នឹងត្រូវអវត្តមានក្នុងរដូវកាលនេះ ដើម្បីទទួលការវះកាត់របួសកជើងអំឡុងពេល PSG យកឈ្នះលើ Lille ដោយលទ្ធផល ៤-៣ កាលពីថ្ងៃទី១៩ ខែកុម្ភៈ។
PSG បានបញ្ជាក់ថា កីឡាករវ័យ ៣១ ឆ្នាំរូបនេះ មានបញ្ហាកជើងខាងស្តាំរ៉ាំរ៉ៃ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយការវះកាត់គឺចាំបាច់ដើម្បីជៀសវាងហានិភ័យធំដោយសាររបួសរើឡើង។ PSG បានបន្ថែមថា Neymar នឹងត្រូវសម្រាករយៈពេល ៣ ទៅ ៤ ខែមុនពេលគាត់អាចត្រឡប់មកហ្វឹកហាត់វិញបាន។
គួររំឭកថា Neymar បានខកខានការប្រកួតចំនួន២របស់ក្រុមជម្រើសជាតិប្រេស៊ីលនៅព្រឹត្តិការណ៦ World Cup ឆ្នាំ២០២២ បន្ទាប់ពីបានរងរបួសក្នុងការប្រកួតបើកឆាកក្នុងពូលជាមួយស៊ែប៊ី។
អតីតកីឡាករ Barcelona រូបនេះក៏បានខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩ ផងដែរ បន្ទាប់ពីរងរបួសសរសៃកជើងខាងស្តាំ ហើយត្រូវអវត្តមានជាច្រើនសប្តាហ៍ក្នុងឆ្នាំ២០២១ ជាមួយនឹងរបួសស្រដៀងគ្នា។
Neymar បានស៊ុតបាល់បញ្ចូលទី ១៣ គ្រាប់នៅក្របខណ្ឌ Ligue 1 និងបាន Assist ១០ ដងទៀតសម្រាប់ PSG នៅរដូវកាលនេះ៕