ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយថវិកាជាច្រើនដើម្បីផ្ដល់ជាអំណោយសប្បុរសធម៌ ដល់ជនរងគ្រោះរញ្ជួយដីនៅប្រទេសស៊ីរី និងតួកគីនាពេលថ្មីៗនេះ។
កីឡាករព័រទុយហ្គាល់បានចំណាយប្រាក់ដើម្បីទិញ តង់ អាហារ ខ្នើយ ភួយ គ្រែ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត សម្រាប់ជនរងគ្រោះនៅតំបន់ដែលរងផលប៉ះពាល់ ទាំងនៅប្រទេសតួកគី និងស៊ីរី ខណៈអំណោយនេះមានតម្លៃ ៣៥ម៉ឺនដុល្លារ។
វាមិនមែនជាលើកទី១ទេ ដោយកាលពីមុន Ronaldo ក៏បានបង្ហាញចិត្តសប្បុរស ដោយចំណាយប្រាក់ដើម្បីផ្តល់មូលនិធិដល់ការវះកាត់ខួរក្បាលកុមារ និងបរិច្ចាគសម្រាប់មជ្ឈមណ្ឌលមហារីកនៅប្រទេសព័រទុយហ្គាល់ផងដែរ។
Ronaldo ដែលបានបម្រើការជាទូតសុឆន្ទៈសម្រាប់អង្គការជាច្រើនដូចជា Save the Children, UNICEF និង World Vision ជាដើម និងបានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារដល់មន្ទីរពេទ្យព័រទុយហ្គាល់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ផងដែរ។
សកម្មភាពសប្បុរសចុងក្រោយរបស់ Ronaldo នេះត្រូវបានអ្នកគាំទ្រ និងអ្នកតាមដានទូទាំងពិភពលោកអបអរសាទរជាខ្លាំង ចំពោះសកម្មភាពដ៏ប្រពៃនេះ៕