លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្លិប Tottenham Hotspur បាននិយាយថា អនាគតរបស់គាត់នឹងត្រូវបានដឹងនៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែបានសារភាពថាក្លិបអាចនឹងបញ្ចប់តំណែងរបស់គាត់ បន្ទាប់ពីធ្លាក់ចេញពីក្របខណ្ឌ Champions League ។
Spurs បានចាញ់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ដោយ AC Milan ក្នុងលទ្ធផល ១-០ សរុបទាំងពីរជើង បន្ទាប់ពីការប្រកួតជើងទី២ បញ្ចប់ដោយគ្មានគ្រាប់បាល់។
លទ្ធផលនេះ មានន័យថា Spurs មិនទាន់ឈ្នះពានរង្វាន់ណាមួយឡើយក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ដែលបានផ្ដល់សម្ពាធសម្រាប់លោក Conte បន្ថែមទៀត។ កិច្ចសន្យារបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ នឹងផុតសុពលភាពនៅចុងបញ្ចប់នៃរដូវកាលនេះ។
បច្ចុប្បន្ន ក្លិបមិនទាន់មានការសម្រេចណាមួយឡើយ។ លោក Conte បានប្រាប់ថា៖ “ខ្ញុំនឹងបន្តការងាររបស់ខ្ញុំ។ ខ្ញុំជាប់កិច្ចសន្យាជាមួយ Tottenham” ។ “ខ្ញុំគោរពកិច្ចសន្យារបស់ខ្ញុំ។ នៅចុងបញ្ចប់នៃរដូវកាលនេះ ការវាយតម្លៃនឹងត្រូវបានធ្វើឡើងជាមួយក្លិបតាមរបៀបស្ងប់ស្ងាត់បំផុត។”
“រង់ចាំមើលចុងបញ្ចប់នៃរដូវកាលនេះសិន។ ក្លិបអាចនឹងបញ្ចប់កុងត្រារបស់ខ្ញុំមុន។ ប្រហែលជាការរំពឹងទុកខ្ពស់ជាងនេះ ហើយអាចនឹងមានការខកចិត្ត៕”