×

UEFA នឹងសងប្រាក់អ្នកគាំទ្រ Liverpool វិញ រឿងចលាចលនៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងសងថ្លៃសំបុត្រទៅអ្នកគាំទ្រ Liverpool ដែលជួបបញ្ហាចលាចលនៅក្រៅទីលាន នាវគ្គផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid នៅទីក្រុងប៉ារីសកាលពីឆ្នាំមុន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Real Madrid និង Liverpool កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ បានពន្យាពេលរយៈពេល៣៦នាទី បន្ទាប់ពីអ្នកគាំទ្រ Liverpool រាប់ពាន់នាក់បានជាប់គាំងនៅក្រៅកីឡដ្ឋាន Stade de France ដោយមិនអាចចូលរួមការប្រកួតទាន់ពេលវេលា។ ការប្រកួតនោះ Real Madrid បានយកឈ្នះ Liverpool លទ្ធផល ១-០ ដើម្បីគ្រងជើងឯក Champions League លើកទី១៤។

ឧប្បតិ្តហេតុនោះគឺប៉ូលិសបារាំងបានប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់ដាក់អ្នកគាំទ្រ Liverpool ដែលមានទាំងស្រ្តី និងកុមារ។ ភ្លាមៗ UEFA ស្តីបន្ទោសអ្នកគាំទ្រ Liverpool ចំពោះរឿងដែលកើតឡើង តែក្រោយការស៊ើបអង្កេតបានបញ្ជាក់ពីភាពស្អាតស្អំរួចមក UEFA ក៏បានសុំទោស និងសងថ្លៃសំបុត្រថែមទៀតផង។
សម្រាប់ការប្រគល់ប្រាក់ទៅកាន់អ្នកគាំទ្រ Liverpool នោះ UEFA អះអាងថា អ្នកគាំទ្រដែលកាន់សំបុត្រ ទីតាំងអង្គុយតំបន់ A, B, C, X, Y និង Z ហើយរងប៉ះពាល់ នឹងត្រូវសងប្រាក់វិញ។ អ្នកគាំទ្រ Liverpool ប្រមាណជិត ២០០០០នាក់ ទទួលបានសំបុត្រសម្រាប់ចូលរួមវគ្គផ្តាច់ព្រ័ត្រកាលនោះ។

សំបុត្រចូលទស្សនានោះមានតម្លៃប្រមាណចាប់ពី៧៤ដុល្លារដល់៧៣៣ដុល្លារ ដោយអ្នកគាំទ្រ Liverpool ភាគច្រើនទិញសំបុត្រពីក្លិបផ្ទាល់ដូច្នេះ UEFA ស្នើអោយក្លិប Liverpool រក្សាទិន្នន័យដើម្បីងាយស្រួលដល់ការសង់ប្រាក់ទៅកាន់អ្នកគាំទ្រ អោយបានត្រឹមត្រូវ។ រីឯអ្នកគាំទ្រ Real Madrid ដែលជួបហេតុការណ៍ដូចអ្នកគាំទ្រ Liverpool ដេរនោះ ក៏នឹងទទួលបានប្រាក់សំណងវិញដែរ។

បច្ចុប្បន្ន Real Madrid និង Liverpool កំពុងប្រកួតគ្នាសារជាថ្មីក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមសម្រាប់រដូវកាលនេះ។ ក្រុមទាំងពីរបានឆ្លងកាត់ការប្រកួតជើងទីមួយរួចមកហើយដោយ Real Madrid បានយកឈ្នះក្នុងលទ្ធផល ៥-២ ក្នុងទឹកដី Anfield កាលពីខែកុម្ភៈ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង