×

ខ្សែបម្រើ Marco Asensio ច្រានចោលកុងត្រាថ្មីជំហានដំបូងជាមួយក្លិប Real Madrid

ខ្សែបម្រើ Marco Asensio បានច្រានចោលការផ្តល់ជូនកិច្ចសន្យាថ្មីជំហានដំបូងរបស់ Real Madrid ដោយការបដិសេធគឺដោយសារក្លិបផ្ដល់លក្ខខណ្ឌមិនល្អដល់ខ្លួន។

អនាគតរបស់កីឡាករវ័យ២៧ឆ្នាំ នៅទឹកដី Santiago Bernabéu មិនទាន់ច្បាស់លាស់ ដោយរូបគេនឹងផុតកិច្ចសន្យានៅចុងបញ្ចប់រដូវកាលនេះ។

ប្រភពពីសារព័ត៌មាន Marca បានឱ្យដឹងថា Marco Asensio មានការផ្តល់ជូនដ៏ធំមួយចំនួនរួចហើយ បើគេចាកចេញ ប៉ុន្តែអ្វីដែលរូបគេចង់បានគឺបន្តលេងនៅ Real Madrid សម្រាប់រដូវកាលក្រោយ។ ដូច្នេះ Asensio នឹងព្យាយាមរកដំណោះស្រាយជាមួយក្រុមប្រឹក្សាភិបាលក្លិប អំពីកិច្ចព្រមព្រៀមថ្មី ប៉ុន្តែគម្រោងជំហានដំបូងក្នុងការផ្តល់ជូនកិច្ចសន្យាថ្មីដល់រូបគេមិនសូវល្អនោះទេ។

Marco Asensio រកបានត្រឹមតែប្រហែល ៦ លានអឺរ៉ូក្នុងមួយរដូវកាលប៉ុណ្ណោះ ក្នុងកិច្ចព្រមព្រៀងថ្មីដែលក្លិបផ្ដល់ជូន។ យ៉ាងណា Real Madrid មិនមានឆន្ទៈបង់ប្រាក់ច្រើនដល់ Asensio ឡើយ។ សំណើថ្មីនេះ Real Madrid ចង់កាត់បន្ថយប្រាក់ខែចំនួន ៤ លានអឺរ៉ូក្នុងមួយឆ្នាំឬច្រើនជាងនេះ។

ដោយឡែក បើសិន Marco Asensio សម្រេចចិត្តចាកចេញពីក្លិប Real Madrid នោះរូបគេក៏មានក្លិបជាច្រើនដូចជា Barcelona, AC Milan និង Arsenal ចាប់អារម្មណ៍ចង់បានយកទៅដែរ ព្រោះសមត្ថភាពរបស់គេនៅតែល្អ និងគួរឱ្យចាប់អារម្មណ៍ដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង