សហព័ន្ធកីឡាបាល់ទាត់ស៊ីរី បានសម្រេចដាក់បម្រាម ទៅលើអតីតប្រធានក្រុមជម្រើសជាតិ ពោលគឺ Ahmed Al-Saleh អស់មួយជីវិត បន្ទាប់ពីកីឡាកររូបនេះបានធាក់ ប្រមាថ និងស្ដោះទឹកមាត់ដាក់អាជ្ញាកណ្តាល។
ខ្សែការពាររបស់ក្រុម Al-Jaish វ័យ ៣៣ ឆ្នាំ បានរិះគន់មន្ត្រីអាជ្ញាកណ្ដាល បន្ទាប់ពីត្រូវបានពិន័យកាតក្រហម ក្នុងការប្រកួតក្របខណ្ឌកំពូលស៊ីរី ជាមួយក្រុម Al-Wathba កាលពីថ្ងៃសុក្រ។
បន្ទាប់ពីបញ្ចេញសកម្មភាពខាងលើ Al-Saleh ត្រូវបានមិត្តរួមក្រុម និងកីឡាកររបស់ក្រុមគូប្រជែងចូលមកឃាត់ផងដែរ។
ក្រោយហេតុការណ៍នេះ គណៈកម្មាធិការវិន័យរបស់សហព័ន្ធបាល់ទាត់ស៊ីរី ក៏បានពិន័យកីឡាករ Al-Saleh និងក្លិបបាល់ទាត់ Al-Jaish ដោយមិនអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសនេះបានឡើយ។
សហព័ន្ធបាល់ទាត់ស៊ីរី បាននិយាយថា កីឡាករ Al-Saleh បានបន្តជេរប្រមាថអាជ្ញាកណ្តាលនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បន្ទាប់ពីការប្រកួត៕