×

មេអាជ្ញាកណ្ដាលFIFAស្នើឱ្យEPLបន្ថែមម៉ោងក្នុងការប្រកួតដូចWorld Cup 2022

លោក Pierluigi Collina ប្រធានអាជ្ញាកណ្ដាល FIFA បានស្នើឱ្យមានការបន្ថែមម៉ោងក្នុងការប្រកួតលីគតាមច្បាប់របស់ FIFA World Cup 2022 ដែលបានបញ្ចប់កាលពីចុងខែធ្នូកន្លងទៅ។

លោកCollina បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទខ្លីមួយថា ជ័យជម្នះរបស់ Liverpool លើក្រុម Manchester United ដោយលទ្ធផល ៧-០ កាលពីថ្ងៃអាទិត្យ បានបន្ថែមម៉ោងត្រឹមតែ ៣ នាទីប៉ុណ្ណោះនៅចុងវគ្គទីពីរ ទោះបីជាមានការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីរហូតដល់ទៅ ៦ដង ក៏ដោយ។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា បានបង្ហាញពីច្បាប់ថ្មីរបស់ FIFA ខណៈអាជ្ញាកណ្តាលបានបន្ថែមម៉ោងយ៉ាងជាក់លាក់ ទោះការពន្យារពេលនោះគឺជាការអបអរគ្រាប់បាល់ ការប្តូរកីឡាករ ការរងរបួស និងការខ្ជះខ្ជាយពេលវេលាក៏ដោយ។

លោក Collina បានប្រកាសពីផែនការដើម្បីបង្កើនរយៈពេលនៃម៉ោងបន្ថែម ដែលគួរតែត្រូវបានអនុវត្តសម្រាប់ក្របខណ្ឌ Premier League ផងដែរ។ លោកបាននិយាយថា៖ “ពេលវេលាប្រកួតជាក់ស្ដែងនៅក្នុងការប្រកួត Aston Villa ជាមួយ Brentford គឺ ៤៣ នាទីតែប៉ុណ្ណោះ”។ “ខ្ញុំគិតថាទស្សនិកជន មិនចង់ចំណាយលុយរបស់ពួកគេដើម្បីមើលការប្រកួតដែលមានរយៈពេលត្រឹមតែ ៤៣នាទីនោះទេ។”

គាត់បានបន្តថា គួរតែបន្ថែមម៉ោងច្រើនជាងនេះ សម្រាប់សងទៅដល់ Manchester United នូវពេលវេលាដែល Liverpool បានអបអរគ្រាប់បាល់ ៧គ្រាប់របស់ពួកគេ។ លោក Collina បាននិយាយថា៖ “កាលពីចុងសប្តាហ៍មុនក្នុងក្របខណ្ឌ Premier League មាន ១០ ប្រកួត។

“៤ប្រកួតបានបន្ថែម ១០នាទី ឬច្រើនជាងនេះ ហើយប្រកួតខ្លះទៀតមិនត្រឹមត្រូវទេ ប្រហែលមកពីលទ្ធផល ៧-០ និង ៤-០ ។ នៅក្នុងការប្រកួតនៅ Liverpool ម៉ោងបន្ថែមសរុបមាន៤នាទី ១នាទីនៅវគ្គទីមួយ និង ៣នាទីនៅវគ្គទីពីរ។ ប៉ុន្តែក្នុងវគ្គទីពីរ គ្រាប់បាល់មានរហូតដល់ទៅ ៦គ្រាប់ឯណោះ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង