×

គ្រូបង្វឹកក្រុមនារីបារាំងរបូតតំណែង ៤ខែមុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីចូលមកដល់

សហព័ន្ធកីឡាបាល់ទាត់បារាំង FFF បានចែកផ្លូវជាមួយគ្រូបង្វឹកជម្រើសជាតិនារី លោកស្រី Corinne Diacre តាមអនុសាសន៍របស់គណៈកម្មាធិការប្រតិបត្តិ ។

ស្ត្រីវ័យ ៤៨ ឆ្នាំបានរបូតតំណែងបន្ទាប់ពីមានភាពល្អក់កករ និងទទួលរងការរិះគន់ពីកីឡាការិនីរបស់ក្រុម។
ក្នុងនោះដែរ កីឡាការិនីសំខាន់ៗជាច្រើនរួមទាំងប្រធានក្រុម Wendie Renard បាននិយាយថាពួកនាងនឹងមិនលេងតំណាងអោយប្រទេសរបស់ខ្លួនទៀតទេ បើលោកស្រី Corinne Diacre បន្តកាន់តំណែង។

ជុំវិញរឿងនេះ FFF បានចេញសេចក្តីថ្លែងការណ៍ថា៖ “ទោះបីជា FFF ទទួលស្គាល់ការចូលរួម និងភាពប្រាកដប្រជារបស់លោកស្រី Corinne Diacre និងបុគ្គលិករបស់នាងក្នុងការអនុវត្តបេសកកម្មរបស់ពួកគេក៏ដោយ តែវាហាក់បីដូចជាភាពមិនដំណើរការដែលបានសង្កេតឃើញនៅក្នុងបរិបទនេះ សហព័ន្ធសម្រេចបញ្ចប់តំណែងរបស់លោកស្រីចាប់ពីពេលនេះតទៅ។”

ការបញ្ចប់តំណែងគ្រូបង្វឹកក្រុមបាល់ទាត់នារីបារាំងនេះ ធ្វើឡើងរយៈពេល៤ខែមុនពេលព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកនារី FIFA Women’s World Cup ឆ្នាំ២០២៣ ចូលមកដល់ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ ២០ ខែសីហា ខាងមុខ ដោយមានអូស្ត្រាលី និង នូវែលហ្សេឡង់ ជាសហម្ចាស់ផ្ទះ។ បារាំងបានផ្គូផ្គងចូលពូល F រួមជាមួយ ចាមៃកា ប្រេស៊ីល និង ប៉ាណាម៉ា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង